(ព្រះវិហារ)៖ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។
កិច្ចប្រជុំផ្សព្វផ្សាយនេះ បានធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ក្រុមការងារខេត្តចុះមូលដ្ឋាន ក្រុង ស្រុកទាំង៨ និងលោក លោកស្រី ជាប្រធាន អនុប្រធាន គណបក្សតាមក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិក សមាជិកា ជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនេះដែរ លោក មាស សុភា បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាអនុប្រធានគណបក្ស ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ទូទាំងខេត្តព្រះវិហារ។
លោក មាស សុភា ក៏បានថ្លែងជំរុញដល់ក្រុមការងារគណបក្សឃុំ-សង្កាត់ទាំងអស់ ពិសេសលោក លោកស្រី ជាមេឃុំ ចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជាដែលទើបជាប់ឆ្នោតថ្មីៗ ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធិភាព ដើម្បីបន្តផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ ពិសេសដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានភាពជឿជាក់លើគណបក្សប្រជាជនកម្ពុជា លើសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងត្រូវខិតខំដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ ស្របតាមយុទ្ធសាស្ត្រឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ជំរុញការធ្វើអត្តសញ្ញាណបណ្ណជូនយុវជនដែលគ្រប់អាយុ។
លោកបន្តថា ជាពិសេសត្រូវត្រួតពិនិត្យ សមាជិក សមាជិកា ដោយយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ចូលសមាជិកថ្មីដែលជាយុវជនឲ្យក្លាយជាកម្លាំង ក្នុងការចូលរួមរបស់គណបក្សនៅគ្រប់ទីកន្លែង ក៏ដូចជាបង្កើនសន្ទុះនៃការគាំទ្រ មកលើគណបក្សឲ្យកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង។ចំណែកឯមន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រូវតែបន្តរក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន កាត់បន្ថយភាពអសកម្ម៕