(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចូលរួមកិច្ចប្រជុំក្រុមការងារ និងគណបក្សខេត្តក្រចេះ ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។
ពិធីនេះបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រីជាសមាជិករដ្ឋសភា លោកប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះមូលដ្ឋាន ស្រុក ក្រុង ឃុំ-សង្កាត់ លោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សស្រុក ក្រុង និងមេឃុំ-ចៅសង្កាត់ សរុបអ្នកចូលរួមមានប្រមាណ ៣០០នាក់។
បន្ទាប់ពី លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណបក្សខេត្តក្រចេះ បានធ្វើរបាយការណ៍សង្ខេបពីវឌ្ឍនភាពការងារ និងទិសដៅសកម្មភាពការងារបន្តរបស់គណបក្សខេត្តក្រចេះ និងលោក យូ យឿន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត បានអានសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជាស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ រួចមក លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិសរុបកិច្ចប្រជុំ ដោយបានធ្វើការកោតសរសើរ និងអរគុណដ៏ស្មោះស្ម័គ្រសាជាថ្មីម្តងទៀត ចំពោះជ័យជំនះដ៏ត្រចះត្រចង់របស់កម្លាំងសរុបមន្រ្តី និងសកម្មជននៃក្រុមការងារ និងគណបក្សខេត្តក្រចេះ ដែលបានចូលរួមចំណែកយ៉ាងសក្តិសមជាមួយជោគជ័យដ៏ត្រចះត្រចង់នៅទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥កន្លងមក។
ទន្ទឹមនោះ លោករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាគឺពុះពារសម្រេចឱ្យបានជោគជ័យទាំងស្រុងសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ខាងមុខ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួន ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាព របស់មាតុភូមិ និងប្រជាជនកម្ពុជា ជាដរាបតរៀងទៅ។
ហេតុនេះ ក្រុមការងារ និងគណបក្សខេត្តក្រចេះ ត្រូវបេ្តជ្ញាសម្រេចឱ្យបានជាដាច់ខាតនូវសន្ទទស្សន៍អាសនៈដែលគណបក្សបានកំណត់សម្រាប់មណ្ឌលខេត្តក្រចេះ។
លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ ក៏បានថ្លែងមតិជំរុញលើកទឹកចិត្តក្រុមការងារគ្រប់លំដាប់ថ្នាក់ឱ្យបន្តពង្រឹងប្រសិទ្ធភាពអង្គការចាត់តាំងមូលដ្ឋានរបស់បក្ស ដើម្បីផ្សារភា្ជប់ជិតស្និទ្ធជាប្រចាំជាមួយអ្នកបោះឆ្នោត តាមរយៈសកម្មភាពការងារជាក់ស្តែងរស់រវើករបស់សាខាបក្សភូមិ និងក្រុមបក្ស។ ទន្ទឹមនោះ ត្រូវបន្តជំរុញចលនាសកម្មភាពជាក់ស្តែងនៃប្រក្រតីភាពជីវភាពរស់នៅតាមសហគមន៍ ជាពិសេសមន្រ្តី និងសកម្មជនរបស់យើងនៅមូលដ្ឋាន ត្រូវពុះពារប្រើប្រាស់គ្រប់ឱកាសធ្វើអំពើល្អបំរើប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។
ជាចុងក្រោយ លោករដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងរំលឹក មន្រ្តីមូលដ្ឋានត្រូវខិតខំរ៉ាប់រងបំពេញរាល់ភារកិច្ចនយោបាយតាមគន្លងប្រក្រតីភាពថ្មី ចូលរួមយ៉ាងសកម្មបន្តគាំទ្រចលនាជាតិក្រោមមគ្គុទេ្ទសក៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងដោះស្រាយរាល់ផលវិបាកដែលបង្កឡើងដោយកូវីដ-១៩ ដើម្បីបង្កលក្ខណៈល្អប្រសើរកាន់តែខ្លាំងក្លារឹងមាំ ដល់ការបើកសេដ្ឋកិច្ច និងសង្គមជាតិ សំដៅពង្រឹងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជាឈានទៅដណ្តើមជ័យជំនះសំរាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ៕