(ភ្នំពេញ)៖ ផ្ទុះឆេះដេប៉ូប្ដូរហ្គាសនៅខណ្ឌសែនសុខ និងឆ្លងទៅផ្ទះប្រជាពលរដ្ឋនៅផ្លូវម្ខាងទៀត បណ្ដាលឲ្យមនុស្សប្រុសស្រី៧នាក់រងរបួសធ្ងន់ស្រាល ព្រមទាំងខូចខាតរថយន្ដ ម៉ូតូ កង់ជាច្រើនគ្រឿង។ ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្បែរផ្សារបឹងបៃតង តាមបណ្ដោយផ្លូវលេខ១៩២៨ ហៅផ្លូវសម្តេច ជា ស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីទទួលបានទូរស័ព្ទពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីអគ្គិភ័យឆាបឆេះទីតាំងលក់ និងបញ្ចូលហ្គាស។ ភ្លាមៗនោះ លោកបានបញ្ជាកម្លាំងសមត្ថកិច្ចជំនាញឲ្យចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅ ជួយអន្តរាគមន៍បាញ់ពន្លត់។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានបណ្តោយឲ្យមនុស្សប្រុសស្រីចំនួន ៧នាក់រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរសង្គ្រោះបន្ទាន់ពេទ្យភ្លាមៗ។ លោកបញ្ជាក់ថា ម្ចាស់ទីតាំងការ៉ាសហ្គាសមានឈ្មោះ ប៉ែន ធារិទ្ធ ភេទប្រុស អាយុ៦៩ឆ្នាំ រងរបួសធ្ងន់ធ្ងរ ចំណែកឯមនុស្សប្រុសស្រី ចំនួន៦នាក់ ក្នុងនោះ ប្រុស៥នាក់ និងស្រីម្នាក់របួសធ្ងន់ទាំងអស់។
លោកនាយការិយាល័យ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ គឺមានរថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន ២២គ្រឿង រួមមាន រថយន្តការិយាល័យ ចំនួន ១២គ្រឿង, រថយន្តរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៧គ្រឿង, រថយន្តរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន១គ្រឿង និងរថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២គ្រឿង (អត់បានប្រើប្រាស់)។ ចំពោះមូលហេតុ ដែលបណ្តាលឲ្យមានអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការធ្លាយហ្គាសបង្ករជាអគ្គិភ័យ៕