កូរ៉េខាងជើង ធ្វើតេស្តបាញ់មីស៊ីលបរាជ័យហើយ នៅត្រូវ UN ថ្កោលទោសកម្រិតធ្ងន់បន្ថែមទៀត
02-06-2016 10:50
(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) បានប្រកាសថ្កោលទោសក្នុងកម្រិតធ្ងន់ធ្ងរបំផុត ចំពោះការធ្វើតេស្តបាញ់គ្រាប់មីស៊ីលរំលងទ្វីប របស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារ សប្តាហ៍នេះ បើទោះបីជាវាបានទទួលបរាជ័យក៏ដោយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០១៦។
ប្រទេសជាសមាជិក UNSC ទាំង ១៥បាន ចេញសេចក្តីថ្លែងការណ៍រួមដូច្នេះថា «ការព្យាយាមធ្វើតេស្តបាញ់មីស៊ីលម្តងហើយម្តងទៀតនេះ វាបានបង្ហាញពីការរំលោភយ៉ាងកម្រោល ទៅលើកតព្វកិច្ចរបស់កូរ៉េខាងជើងខ្លួនឯង ចំពោះដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការ សហប្រជាជាតិ»។
គួរបញ្ជាក់ថា កូរ៉េខាងជើង បានព្យាយាមធ្វើតេស្តគ្រាប់មីស៊ីលរំលងទ្វីបប្រភេទ Musudan ចំនួនបីលើក មកហើយ ដើម្បីបង្ហាញពីឬទ្ធានុភាពរបស់យោធាខ្លួន ទៅដល់ប្រជាជាតិនិងពិភពលោក ប៉ុន្តែវានៅតែ ទទួលបរាជ័យ។ គេនៅមិនទាន់ដឹងច្បាស់ថា តើកូរ៉េខាងជើងនឹងបោះបង់ចោលមហិច្ឆិតានេះ ឬមួយក៏ នឹងបន្តការធ្វើតេស្តអាវុធថ្មីៗទៀតនោះឡើយ៕