(រតនគិរី)៖ សមិទ្ធិផលនានា នៅក្នុងទីអារាមវត្តគិរីរតនារាម ហៅវត្តត្រពាំងក្រហម ស្ថិតនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី រួមមាន ព្រះពុទ្ធរូបប្រក់នាគ, ផ្លូវបេតុង, បង្គោលភ្លើង សរុបបច្ច័យក្នុងការកសាងប្រមាណ ១០ម៉ឺនដុល្លារ ត្រូវបានធ្វើពិធីពុទ្ធាភិសេកនិងសម្ពោធឆ្លង នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២។

ពិធីនេះបានធ្វើឡើង ក្រោមអធិបតីភាពលោក ម៉ុម សារឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកូនមុំ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី។

ថ្លែងនៅក្នុងឱកាសនោះលោក ញ៉ែម សំអឿន បានសម្ដែងការកោតសរសើរចំពោះព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលបានរួមកម្លាំងសាមគ្គីគ្នាកសាងបាននូវសមិទ្ធផលនានាក្នុងវត្តគិរីរតនារាម (ហៅវត្តត្រពាំងក្រហម) ទុកជាគុណប្រយោជន៍នៃវិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ។

លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរពីការខិតខំប្រឹងប្រែងស្ថាបនាជាតិរបស់រាជរដ្ឋាភិបាល ដូចជាការស្ថាបនា វត្តអារាម មន្ទីរពេទ្យ សាលារៀន ស្ពាន ផ្លូវ ការអភិវឌ្ឍទឹកស្អាត និងអគ្គិសនីជាដើម ដើម្បីសម្រួលដល់តម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃ ដែលសមិទ្ធិផលទាំងអស់បានធ្វើឲ្យប្រជាពលរដ្ឋមានមោទនភាព ចំពោះរាជរដ្ឋាភិបាលដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព មានការអភិវឌ្ឍ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។

ឱកាសនេះផងដែរលោក ម៉ុម សារឿន បានលើកឡើងពីគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកឲ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។ លោក ម៉ុម សារឿន បានលើកឡើងពីគុណតម្លៃនៃព្រះពុទ្ធសាសនា ដែលមិនគ្រាន់តែជាទីគោរពសក្ការៈបូជា ប៉ុណ្ណោះទេ គឺជាប្រភពនៃបញ្ញាញាណ ជាថ្នាលបណ្តុះធនធានមនុស្សគ្រប់សម័យកាល៕