(សៀមរាប)៖ គិតត្រឹមម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ មានប្រជាពលរដ្ឋជាង១២៣១នាក់បន្ថែមទៀត (គិតតែថ្ងៃនេះ) បានចាកចេញពីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។ នេះបើតាមរបាយការណ៍របស់សមត្ថកិច្ចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

របាយការណ៍បញ្ជាក់ថា «ត្រឹមម៉ោង១២ថ្ងៃត្រង់នេះ (គិតតែថ្ងៃនេះ) ចំនួនចេញសរុប១២៣១នាក់។ ក្នុងនោះស្រី៥៦៤នាក់ ក្មេង ១០៣នាក់ រថយន្ត ៧១គ្រឿង ទោចក្រយាន្តយន្ត ៨៨គ្រឿង រ៉ឺម៉ក ៤០គ្រឿង គោយន្ត ១៦គ្រឿង ខណៈសភាពការណ៍មានភាពស្ងប់ស្ងាត់»

សូមបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ លោក ខឹម វាសនា បានប្រកាសកៀរគរសមាជិក សមាជិការបស់ខ្លួនពីតាមបណ្តាខេត្តនានា ទៅប្រមូលផ្តុំ និងជួបជុំគ្នានៅដីចម្ការរបស់ខ្លួន ក្នុងភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន ក្រោមហេតុផលស្តាប់ធម៌ និងគេចចេញពីគ្រោះមហន្តរាយធម្មជាតិមានរញ្ជួយដី និងទឹកជំនន់លិចពិភពលោកជាដើម។ ទិន្នន័យប៉ាន់ប្រមាណដោយអាជ្ញាធរ បានរកឃើញថា មានការប្រមូលផ្តុំ និងជួបជុំនោះ មានសមាជិករហូតដល់ទៅជិត ២ម៉ឺននាក់៕