(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងថាបច្ចុប្បន្នរាជធានីភ្នំពេញ បានដើរតួនាទីជាទីក្រុងទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ មួយដ៏សំខាន់ ក្នុងនោះការវិនិយោគពីវៀតណាម បានកើនឡើងពី ៤០០លាន ដល់ ៨០០លានដុល្លារអាមេរិក នៅក្នុងរយៈ ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការថ្លែងបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពេលដែលរូបលោកជួបពិភាក្សារការងារជាមួយលោក ឌិញ ឡាថាំង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និង ជាលេខាបក្សទីក្រុងហូជីមិញ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦។ សូមបញ្ជាក់ថា លោក ឌិញ ឡាថាំង បានដឹក នាំគណៈប្រតិភូទីក្រុងហូជីមិញ មកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ ដើម្បីពិនិត្យលើខ្លឹមសារពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរបទពិសោធន៍ នៃដំណើរការអភិវឌ្ឍទីក្រុងភ្នំពេញ-ហូជីមិញ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមនេះ ស្របពេលនឹងខួបលើកទី១២ឆ្នាំ នៃការចងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និង ទីក្រុងហូជីមិញ និង ខួបលើកទី៤៩ឆ្នាំ នៃចំណងការទូតកម្ពុជា-វៀតណាម។

ក្នុងជំនួបនោះ លោក ប៉ា សុជាតិវង្ស បានថ្លែងថា រយៈពេល ៣៧ឆ្នាំ ក្រោយថ្ងៃរំដោះ ៧ មករា វៀតណាម នៅតែបន្តជួយឧបត្តម្ភគាំទ្រដល់រាជធានីភ្នំពេញ ធ្វើឲ្យរាជធានីភ្នំពេញ មានការរីកចម្រើន មានការអភិវឌ្ឍក្លាយជាទីក្រុងប្រកួតប្រជែងក្នុងតំបន់។ លោកអភិបាល បានបញ្ជាក់ ដូច្នេះ «បច្ចុប្បន្នរាជធានីភ្នំពេញកំពុងដើរតួជាទីក្រុងទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ដែលក្នុងនោះ ក៏មានការវិនិយោគពីវៀតណាម កើនពី ៤០០លាន ដល់ ៨០០លានដុល្លាអាមេរិកក្នុងរយៈពេលចុងក្រោយនេះ»

លោក ប៉ា សុជាតិវង្ស ក៏បានលើកឡើងពីបទពិសោធន៍ នៃការអភិវឌ្ឍរាជធានីភ្នំពេញ ការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង ស្ថេរភាពនយោបាយតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ទោះបីជាយ៉ាងណា រាជធានី ភ្នំពេញ ក៏នៅប្រឈមបញ្ហាមួយចំនួនដូចជា៖ បញ្ហាចរាចរណ៍ អនាម័យ បរិស្ថាន ប្រព័ន្ធលូបង្ហូរទឹកជាដើម។

លោក ឌិញ ឡាថាំង បានស្វាគមន៍ និងអបអរសាទរចំពោះសមិទ្ធិផល ដែលរាជធានីភ្នំពេញខិតខំសម្រេចបាន។ លោកឡាថាំង ក៏បានលើកឡើងពីបទពិសោធន៍ នៃការកសាងទីក្រុងហូជីមិញ ដែលមានប្រជាពលរដ្ឋរស់នៅជាង ១៣លាននាក់ ឲ្យក្លាយជាទីក្រុងដែលសណ្តាប់ធ្នាប់មានសន្តិសុខ និងជាទីក្រុងទេសចរណ៍វិនិយោគកំរិតតំបន់។

ក្នុងជំនួបម្សិលមិញនេះ អភិបាលរាជធានីភ្នំពេញ ក៏បានស្នើទីក្រុងហូជីមិញ ឲ្យបន្តពង្រឹង និងឧបត្ថម្ភដល់មន្ទីរពេទ្យជោរីភ្នំពេញ ឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងសុំឲ្យភាគីវៀតណាមជួយសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ភ្នំពេញ-ហូជីមិញឲ្យមានភាពងាយស្រួល។

ក្រៅការពិភាក្សារការងារទូទៅហើយនោះ លោក ប៉ា សុជាតិវង្ស ក៏បានទទួលយកការអញ្ជើញរបស់ លោក ឌិញ ឡាថាំង ដើម្បីទៅចូលរួមសិក្ខាសាលាទេសចរណ៍ ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុងហូជីមិញ នាខែកញ្ញា ឆ្នាំ២០១៦ ក្រោមប្រធានបទទេសចរណ៍ និងការទទួលខុសត្រូវ និងដើម្បីចូលរួមអបអរសាទរ លោក ឌិញ ឡាថាំង ដែលត្រូវបានតែងតាំងជាលេខាបក្ស ទីក្រុងហូជីមិញផងដែរ៕