(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីមានការចេញផ្សាយថា លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជា និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីការពារក្តី៦នាក់ទៀត បានទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយបានចុះហត្ថលេខាស្នើសុំឲ្យស្ថាប័នតុលាការកុំឃុំខ្លួនមេធាវី ពេជ រតនា ដែលត្រូវបានចាប់ខ្លួនដោយ អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងអំពើពុករលួយនោះ ត្រូវបានលោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជា បានបញ្ជាក់ជូនវិញថា រូបលោក រួមនឹងមេធាវី៦រូប ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរសុខទុក្ខព្រមទាំងរៀបចំឯកសារដើម្បីដាក់ពាក្យការពារក្តីជូនលោក ពេជ រតនា តែប៉ុណ្ណោះ។
លោក ប៊ុន ហុន បានបញ្ជាក់ថា មេធាវីការពារក្តីទាំង៦រូបនោះ នឹងធ្វើការតាមផ្លូវច្បាប់ដើម្បីការពារក្តីឲ្យលោក ពេជ រតនា។
មេធាវីទាំង៦រូប ដែលជួយការពារក្ដីឱ្យមេធាវី ពេជ រតនា រួមមាន៖ លោក សាំង វណ្ណៈ លោក អ៊ីវ ប៉ូលី លោក ជូ ចាន់ធីរ៉ា លោក លីវ សុវណ្ណា, អ្នកស្រី សៅ កញ្ញា និងលោក ឈី សម្បត្តិ។ មេធាវីទាំង៦រូបសុទ្ធសឹងតែជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជំរាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួន លោកមេធាវី ពេជ រតនា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមិថុនានេះ។
លោកមេធាវី ពេជ រតនា ជាមេធាវីម្នាក់ នៅក្នុងគណៈមេធាវីកម្ពុជា ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំង អំពើពុករលួយនាំខ្លួនពីចំណតពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីលោកចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយដើរទៅកាន់រថយន្តរបស់លោក៕