(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត រួមទាំងមន្រ្តីក្រសួងសុខាភិបាល ជាច្រើនរូបទៀត នឹងចុះទៅពិនិត្យស្ថានភាព និងដំណើរការការងារ នៅមជ្ឈមណ្ឌលព្រៃស្ពឺ នារសៀលម៉ោង២ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រាប់ Fresh News នៅព្រឹកថ្ងៃនេះ។

លោក មាន ចាន់យ៉ាដា បានបញ្ជាក់ឲ្យដឹងថា «ជាការពិត នៅរសៀលម៉ោង២ ថ្ងៃទី០២ ខែឧសភា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមមន្រ្តីក្រសួង សុខាភិបាល ជាច្រើនរូបទៀត នឹងចុះទៅត្រួតពិនិត្យដំណើរការ ការងារនៅក្នុងមជ្ឈមណ្ឌល សំចតសង្គមកិច្ចព្រៃស្ពឺ។ ការចុះទៅត្រួតពិនិត្យនេះ គឺមានការចូលរួមពី ក្រសួងសុខាភិបាលដែរ ដោយសារតែការងារនេះ គឺមានទាក់ទងនឹងក្រសួងសុខាភិបាល ត្រង់ថា នៅក្នុងមជ្ឈមណ្ឌលនេះ មានមណ្ឌលមើលថែទាំ និងមើលការខុសត្រូវអ្នកជំងឺជាទូទៅផងដែរ។

កាលពីប៉ុន្មានថ្ងៃមុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានធ្ងន់ៗ រហូតចង់ឲ្យបិទមណ្ឌលព្រៃស្ពឺចោល ប្រសិនជាអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធមិនឆាប់កែលំអ ឫដោះស្រាយបញ្ហា នៅក្នុងមណ្ឌលនេះ ឲ្យប្រសើរក្នុងពេលឆាប់ៗខាងមុខ។

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងសង្គមកិច្ច និងអាជ្ញាធររាជធានី ត្រូវចុះដោះស្រាយបញ្ហានេះ បើត្រូវបិទក៏ត្រូវបិទចោលតែម្តងទៅមិនមានការចាំបាច់ ដើម្បីទុកទេ បើសិនជាខ្វះសមត្ថភាពគ្រប់គ្រង។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពោធិ៍សែនជ័យ ហៅថា មណ្ឌលព្រៃស្ពឺ ដែលជាកន្លែងសម្រាប់អប់រំជនអនាថា អ្នកសុំទាន ឬអ្នករកស៊ីផ្លូវភេទតាមទីសាធារណៈត្រូវបានរងការរិះគន់ ជាបន្តបន្ទាប់លើការគ្រប់គ្រង។ កន្លងមក គេសង្កេតឃើញថា មណ្ឌលមួយនេះ ខ្វះខាតពេទ្យ និងអ្នកការពារប្រចាំការក្នុងមណ្ឌល ខណៈដែលជនអនាថាមានជំងឺ និងប្រមូលជនអនាថាយកមកទុក គ្មានអ្នកជួយការពារយាមកាម និងព្យាបាលជូនពួកគេ៕