(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្ដិភាព។
មណ្ឌលព្យាបាលនេះ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត ៨ហិចតា ដែលមានគ្រែសរុប ចំនួន១១,០០០គ្រែ។ មណ្ឌលព្យាបាលនេះ មានអគារសរុបចំនួន ០៩អគារ រួមមាន អគារព្យាបាលចំនួន ០៧ អគាររដ្ឋបាលចំនួន០១ អគារបុគ្គលិកចំនួន០១ ។
ក្នុងនោះដែរ អគារដែលគម្រោងនឹងសាងសង់រួចរាល់នៅត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ រួមមាន អគារព្យាបាលអ្នកជំងឺ (ចំនួន ០២អគារ) អគារសង្គ្រោះបន្ទាន់ចំនួន ០១ អគារផ្នែករដ្ឋបាលចំនួន ០១ និងអគារសម្រាប់ក្រុមគ្រូពេទ្យព្យាបាលស្នាក់នៅចំនួន ០១ ដើម្បីអាចដំណើរការទទួលអ្នកជំងឺបាន ព្រមទាំងអាចមានលទ្ធភាពទទួលអ្នកជំងឺកូវីដ-១៩ ក្នុងករណីមានឆ្លងរាលដាលដែលបង្កដោយវីរុសកូវីដ-១៩ និងមេរោគបម្លែងថ្មី ក្នុងទ្រង់ទ្រាយណាមួយជាយថាហេតុ។
មណ្ឌលព្យាបាលនេះ នឹងក្លាយជាសមិទ្ធិផលថ្មីមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នឹងមានបំពាក់នឹងសម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ស្របតាមលក្ខណៈស្តង់ដា៕