(ត្បូងឃ្មុំ)៖ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល ខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមខេត្ត ចែកជូនជនងាយរងគ្រោះបំផុត ចំនួន ១៤០គ្រួសារ នៅក្នុង៧ភូមិ នៃឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ។

ក្នុងពិធីសំណេះសំណាលចែកអំណោយ នាឱកាសនោះ ធ្វើឡើងនៅសាលាបឋមសិក្សាខ្សាច់ប្រឆេះលើ ស្ថិតនៅឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ប្រធាន/អនុប្រធានកិត្តិយសាខា គណៈកម្មាធិការសាខា ព្រមទាំងប្រជាពលរដ្ឋជនងាយរងគ្រោះ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត ដែលជានិច្ចកាល សម្ដេចតែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះនិងជនងាយរងគ្រោះ ដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយឬសាសនាអ្វីឡើយ ហើយតែងបានចាត់តំណាងឲ្យចុះអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាកបានទាន់ពេលវេលា ស្របតាមទិសស្លោក(កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោលឡើយ )។

លោកបណ្ឌិត គូសបញ្ជាក់ថា នេះជាអំណោយបន្តិចបន្តួចមិនអាចផ្គត់ផ្គង់ជីវភាពបងប្អូនបានរហូតនោះទេ នេះគ្រាន់តែជាការចែករំលែក សម្រាប់ដោះស្រាយបញ្ហាមួយរយៈពេលប៉ុណ្ណោះ។

ទន្ទឹមនឹងនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា លោកយាយ បងប្អូនទាំងអស់ មានសុខភាពល្អ អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត។

សូមបញ្ជាក់ថា ៖ អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង១៤៦គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥គ.ក្រ មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១ យួរនិងថវិកា ២០,០០០រៀល ផងដែរ៕