(ស្វាយរៀង)៖ លោកស្រី កែវ ចរិយា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសង្គហៈមិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ការពារថែរក្សាសន្តិភាពឲ្យបានគង់វង្ស ដែលជាមូលដ្ឋានគ្រឹះក្នុងកិច្ចការអភិវឌ្ឍជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាមួយនឹងសន្តិសុខសុវត្ថិភាពល្អប្រសើរ ក្នុងកាលៈទេសៈប្រទេសជាតិឆ្លងកាត់ការលំបាករហូតទទួលបានសន្តិភាពពេញលេញដល់សព្វថ្ងៃនេះ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ។
ការថ្លែងបែបនេះរបស់លោកស្រីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នាសាលប្រជុំសាលាខេត្តស្វាយរៀង។
ពិធីសំណេះសំណាលនេះដែរក៏មានការចូលរួមពី លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី គណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព តំណាងកងម្លាំង៣ មន្ត្រីរាជការ និងបងប្អូននិវត្តជនជាច្រើនរូបទៀត។
លោកស្រី កែវ ចរិយា បានបន្តថា កត្តាសុខសន្តិភាពពិតជាមានសារៈសំខាន់ណាស់ បានធ្វើឲ្យប្រទេសកជាតិយើង មានឱកាសក្នុងការអភិវឌ្ឍប្រទេស ដែលនាំឲ្យចំណើនសេដ្ឋកិច្ចជាតិ ពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងជាបន្តបន្ទាប់។
លោកស្រីបានបន្តថា ការលៈបង់របស់និវត្តជន នៃមន្ទីរ-អង្គភាពទាំងបួន ដែលក្នុងរយៈពេលបំពេញការងារកន្លងមក បានលះបង់នូវកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងបានធ្វើពលីកម្មយ៉ាងធំធេងក្នុងការចូលរួមដឹកនាំ គ្រប់គ្រង និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងបង្កើតស្នាដៃជាច្រើន ទាំងក្នុងបុព្វហេតុរកចំណូល ត្រួតពិនិត្យការចំណាយថវិកាជូនប្រទេសជាតិ និងបានចូលរួមអនុវត្តកម្មវិធីកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ផ្សេងៗទៀតរបស់រាជរដ្ឋា-ភិបាល។
ជាមួយគ្នានេះ លោក ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សាខាពន្ធដារខេត្ត រតនាគារខេត្ត និងសាខាគយ និងរដ្ឋាករខេត្ត ដែលកន្លងមកមិនត្រឹមតែបានខិតខំប្រែងប្រែង យកអស់កម្លាំងកាយចិត្ត អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយវិន័យ មនសិការ ឆន្ទៈ ក្រមសីលធម៌ ស្មារតីទទួលខុសត្រូវខ្ពស់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ ដែល នាំឲ្យសម្រេចបាននូវលទ្ធផលលេចធ្លោវិជ្ជមានជាច្រើន ។
លោកបានបន្តថា នៅក្នុងវិស័យគ្រប់គ្រងចរន្តថវិកា ការកៀរគរចំណូលទាំងមុខសញ្ញាចំណូលសម្រាប់ថ្នាក់ក្រោមជាតិ និងមុខសញ្ញាចំណូលសម្រាប់ថ្នាក់ជាតិ បានយ៉ាងត្រឹមត្រូវ ស្របតាមផែនការដែលបានកំណត់ ដោយបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍មូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏បានខិតខំយកចិត្តទុកដាក់សម្របសម្រួល គាំទ្រ សហការយ៉ាងល្អប្រសើរជាមួយសមាគមសង្គហៈ-មិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំពិធីសំណេះសំណាលនេះឡើង ដែលសូមចាត់ទុកថាជាការបង្ហាញឲ្យឃើញពីការគោរព ផ្ដល់តម្លៃ និងបង្កើននូវភាពស្និទ្ធស្នាលរវាងមន្ត្រីរាជការដែលជាអ្នកបន្តវេនទាំងអស់ជាមួយនិងរៀមច្បង ដែលធ្លាប់បំពេញភារកិច្ចរួមគ្នា បើទោះបីជាបច្ចុប្បន្ននេះ ពួកគាត់បានចូលនិវត្តន៍រួចហើយក្ដី៕