(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងអំពីឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥-៩ ខែកញ្ញា ឆ្នាំ២០២២។
យោងតាមការសង្កេតតាមដានស្ថានភាពអាកាសធាតុ ដែលបានវិវត្តជាក់ស្តែងជាបន្តបន្ទាប់ បានបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាបាននិងកំពុងទទួលរងនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយនៅលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម។ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ប្រព័ន្ធសម្ពាធទាបនឹងរំកិលចុះមកក្រោមអូសបន្លាយគ្របដណ្តប់មកលើប្រទេសកម្ពុជា។
លក្ខណៈបែបនេះនឹងធ្វើឲ្យប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថានភាពអាកាសធាតុជាទូទៅនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ជាមួយនឹងទឹកភ្លៀងដែលមានលក្ខណៈធ្លាក់ជាប់ជាបន្តក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចបង្កឲ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃបណ្តាខេត្តមួយចំនួន នៅក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ ជួរភ្នំ និងទីទំនាបជាប់ផ្លូវទឹក មានហានិភ័យខ្ពស់នឹងជំនន់ទឹកភ្លៀង មានជាអាទិ៍៖ ខេត្តព្រះវិហារ រតនគិរី កំពង់ធំ (ស្ទឹងសែន) ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ (ស្រុកជាប់ជួរភ្នំក្រវាញ និងភ្នំឱរ៉ាល់ ) កោះកុង និងខេត្តព្រះសីហនុ (កំណាត់ផ្លូវជាតិលេខ៤ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ)។
ទន្ទឹមនេះផងដែរ អាចនឹងមានភ្លៀងធ្លាក់ច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងមេគង្គ ដែលអាចធ្វើឲ្យទឹកទន្លេមានការងើបឡើងវិញ។
ក្រសួងធនធានទឹកក៏បានអំពាវនានដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់៕