(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធាទី២ នៃរដ្ឋសភា តំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រសួងការបរទេសគុយបា ដឹកនាំដោលោក ហ្កេរ៉ាសូ ប៉េណាវ៉េ ព័រតាល់ (Gerado Peñalver Portal) អនុរដ្ឋមន្រ្តីទី១ ក្រសួងការបរទេសគុយបា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋគុយបា។

តាងនាមសម្តេច ហេង សំរិន លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសម្តែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រសួង ការបរទេសគុយបា អមដោយលោកស្រី Liurka Rodriguez Barriose ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសមកកាន់រដ្ឋសភា នាពេលនេះ។

ជាមួយគ្នានោះលោកស្រី ក៏បានលើកឡើងអំពីប្រវត្តិនៃទំនាក់ទំនងកម្ពុជា-គុយបា និងកិច្ចសហប្រតិបត្តិការដែលមានជាមួយគ្នាជាយូរមកហើយ តាំងពីសម័យព្រះបរម រតន:កោដ្ឋព្រះបាទ នរោត្តមសីហនុ និងអតីតប្រធានាធិបតី ហ្វីដែលកាស្រ្តូ។ ទំនាក់ទំនងជាមិត្តភាព និងប្រពៃណីដ៏ល្អនេះ ត្រូវបានថ្នាក់ដឹកនាំកំពូលទាំងរដ្ឋាភិបាល គណបក្ស និងប្រជាជននៃប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់ ជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្ន។

សូមជម្រាបថា កម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសគុយបា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០។ ចាប់តាំងពីពេលនោះមកប្រទេសទាំងពីរបានរក្សា ទំនាក់ទំនងធម្មតាក្នុងវិស័យផ្សេងៗគ្នា ជាពិសេសវិស័យអប់រំ សុខាភិបាល និងវប្បធម៌ ហើយដែលឆ្នាំ២០២២នេះ គឺជាខួបគម្រប់ ៦២ឆ្នាំ នៃចំណងការទូតជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-គុយបា។

ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមក ទាំងក្របខណ្ឌរដ្ឋសភា រាជរដ្ឋាភិបាល ជាក់ស្ដែងសម្ដេចប្រធានរដ្ឋសភាធ្លាប់បំពេញទស្សនកិច្ច នៅគុយបាផងដែរកាលពីឆ្នាំ២០១០។ ដោយឡែកក្រុមមិត្ដភាពរដ្ឋសភាកម្ពុជា-គុយបា ក៏ធ្លាប់បំពេញទស្សនកិច្ច និងចូលរួមសន្និសីទប្រឆាំងចក្រពត្ដិនិយម និងប្រឆាំងសេរីនិយមថ្មី នៅប្រទេសគុយបាផងដែរ។

លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានគូសបញ្ជាក់ថា គុយបាជាមិត្តដ៏ល្អរបស់កម្ពុជា តែងជួយនិងគាំទ្រនៅគ្រប់កាលៈទេសៈជាក់ស្តែង នៅពេលកម្ពុជា ទើបបានរំដោះចេញ ពីរបបប្រល័យពូជសាសន៍ និងត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសមហាអំណាចមួយចំនួននាទសវត្ស៨០។ មិត្តគុយបា បានចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ ដោយ បានបញ្ជូនជំនួយជាគ្រូពេទ្យដើម្បីមកជួយពិនិត្យ ព្យាបាលពលរដ្ឋកម្ពុជាក៏ដូចជាជួយស្តារឡើយវិញនូវវិស័យសុខាភិបាល ដែលកម្ពុជាបានរងគ្រោះក្នុងរបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ដែលនេះសរបញ្ជាក់ពីមិត្តភាពដ៏ប្រពៃក្នុងគ្រាដែលក្រលំបាក។

លោកស្រី ក៏បានរំលឹកដែរថា កម្ពុជាក៏បានគាំទ្រដល់ប្រទេសគុយបា នៅពេលប្រទេសគុយបាជួបការលំបាកពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដ៏អយុត្ដិធម៌ពីសំណាក់មហា អំណាចមកលើប្រទេសគុយបា ក្នុងនោះកម្ពុជាបានគាំទ្រគុយបានៅលើវេទិការអន្ដរជាតិនានា ដូចនៅកិច្ចប្រជុំសហភាពអន្តរសភា IPU មហាសន្និបាតអង្គការ សហប្រជាជាតិ និងវេទិកាអន្ដរជាតិផ្សេងៗទៀត។

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានសម្តែងនូវការអបអរសាទរចំពោះការកែសម្រួលរដ្ឋធម្មនុញ្ញថ្មីរបស់គុយបា ទៅលើការរៀបចំប្រព័ន្ធសេដ្ឋកិច្ចសំដៅលើការ លប់បំបាត់រនាំង ឬឧបសគ្គនានាដែលរាំងស្ទះដល់កំណើនជីវភាពរបស់ពលរដ្ឋគុយបា និងបានសម្ដែងនូវមោទនភាពចំពោះប្រទេសគុយបា ដែលមានសមាជិក សភាជាស្រ្ដីច្រើនលើសលប់ បំពេញការក្នុងរដ្ឋសភាគុយបាបច្ចុប្បន្ន រហូតដល់ចំនួន ៥៣.២២% ក្នុងចំណោមសមាជិកសភា ៦០៥នាក់ ច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក។

លោកស្រី ក៏បានជម្រាបជូនផងដែរអំពីគម្រោងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសគុយបា នៅចុងខែកញ្ញានេះ ដែលនឹងពង្រឹងពង្រីកដល់ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមមួយកម្រិតទៀតផងដែរ។

ជាមួយគ្នានោះដែរលោក ហ្កេរ៉ាសូ ប៉េណាវ៉េ ព័រតាល់ ក៏បានសម្តែងនូវទឹកចិត្តរំភើបរីករាយ និងសូមអរគុណយ៉ាងក្រៃលែងចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅជូនចំពោះ គណៈប្រតិភូគុយ ដោយលោកអះអាងថានេះជាលើកទី១ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានឃើញនៅការអភិវឌ្ឍរីកចំរើនយ៉ាងច្រើនរបស់កម្ពុជា។ ជាពិសេសលោកពិតជាមានកិត្តិយសដោយមានឱកាសជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភានាពេលនេះ។

លោក ហ្កេរ៉ាសូ ប៉េណាវ៉េ ព័រតាល់ បានបន្ថែមថារយៈពេល ៣ឆ្នាំកន្លងទៅនេះចំណងមិត្តភាពកម្ពុជា-គុយបា ត្រូវបានបង្អាក់ដោយសារតែមេរោគរាតត្បាតសកលកូវីដ-១៩ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនាពេលនេះនឹងពង្រឹង និងពង្រីកនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។

លោកក៏បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះការតស៊ូ ពលីកម្ម និងវីរៈភាពរបស់ប្រជាជនកម្ពុជា ដែលរងនូវអំពើអយុត្តិធម៌ និងការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីមហាអំណាច ដែលមិនខុសពីប្រទេសគុយបាទេ។ លោកក៏បានវាយតំលៃខ្ពស់ទៅលើការប្រយុទ្ធប្រឆាំងកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់កម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ទៅលើសុខមាលភាពប្រជាជន និងរក្សាលំនឹងជីវភាពប្រជាជនបានយ៉ាងល្អ។

ជាចុងបញ្ចប់ភាគីទាំងពីរកម្ពុជា-គុយបា បានឯកភាពគ្នា និងនាំគ្នាសម្លឹងទៅមុខ ព្រមទាំងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្នធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង និងរួមគ្នាជួយជ្រោមជ្រែងអភិវឌ្ឍលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ កីឡា និងសុខភាពសាធារណៈផងដែរ៕