(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដី ប្រគល់ខ្នងផ្ទះទី២០៨ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជន នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកពលបាលឯក ប៉ុញ យ៉ុង អាយុ៦៤ឆ្នាំ បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៨ នៅអង្គភាពកងពលលេខ១២ចាស់ ហើយបានពលីជីវិតនៅឆ្នាំ១៩៩១ ពេលប្រយុទ្ធនឹងខ្មាំង នៅសមរភូមិតំទន្លេម្រេចក្នុងខេត្តព្រះវិហារ បានបន្សល់ទុកភរិយាជាស្រីមេម៉ាយឈ្មោះ ត្រេន គង់ អាយុ៦២ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៥នាក់។

បច្ចុប្បន្ន រស់នៅជាមួយកូន ដែលមានជីវភាពលំបាកខ្វះខាតជួយមើលថែរក្សាចៅៗ ហើយពុំមានជម្រកស្នាក់នៅសមរម្យនៅលើដីដែលគាត់មាន។ ដោយឃើញពីការលំបាកនេះ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២០៨ ជូនគាត់ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូល ប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។

ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ទឹកត្រីទឹកស៉ីអ៉ីវចំនួន២យួរ និងថវិកាមួយចំនួនផងដែរ៕