(ពោធិ៍សាត់)៖ ក្នុងខែសីហា ឆ្នាំ២០២២កន្លងទៅនេះ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ មានចំនួនសរុប ៥០,៥៤០នាក់ ស្រី២៤,៩៨៨នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅខែសីហា ឆ្នាំ២០២១ ភ្ញៀវមានការកើនឡើងច្រើន ជាង៥០០%។ នេះបើតាមរបាយការណ៍ ប្រចាំខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តពោធិ៍សាត់ លើការងារទេសចរណ៍ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ។

ក្នុងរបាយការណ៍នោះបានបញ្ជាក់ថា សម្រាប់ភ្ញៀវទេសចរជាតិ បានមកដើរលេង នៅតាមរមណីយដ្ឋាន និងតាមកន្លែងកម្សាន្តនានា ក្នុងខែសីហា ឆ្នាំ២០២២ មានចំនួន៥០,០១៩នាក់ ស្រី២៤,៧៦៣នាក់។ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងខែសីហា ឆ្នាំ២០២១កន្លងទៅ គឺភ្ញៀវទេសចរមានការកើនឡើង ៥៣៤,៥៩% (ឆ្នាំ២០២១ មានភ្ញៀវទេសចរ ចំនួន៧,៨៨២នាក់)។

សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ តាមរយៈស្ថិតិរបស់សណ្ឋាគារ ផ្ទះសំណាក់ និងកន្លែងកម្សាន្តនានា ក្នុងខែសីហា ឆ្នាំ២០២២នេះ មានចំនួន៥២១នាក់ ស្រី២២៦នាក់ ដែលមានភ្ញៀវមកពីប្រទេសជប៉ុន ឈរលំដាប់លំដាប់លេខ១ ក្រៅពីនោះ ចិន កូរ៉េខាងត្បូង អង់គ្លេស បារាំង ជប៉ុន កូរ៉េខាងត្បូង បារាំង ហូឡង់ វៀតណាម សហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដា។ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងខែសីហា ឆ្នាំ២០២១កន្លងទៅ គឺភ្ញៀវទេសចរមានការកើនឡើង ៤២១% (ឆ្នាំ២០២១ មានភ្ញៀវទេសចរ ចំនួន១០០នាក់)។

ក្នុងចំណោយរមណីយដ្ឋាន និងតំបន់ទេសចរណ៍ក្នុងខេត្ត ទាំង៣៩កន្លែង ក្នុងនោះមាន៖ រមណីយដ្ឋានរប្បធម៌ ០៥កន្លែង (វប្បធម៌ប្រវត្តិសាស្ត្រ ០២កន្លែង និងវប្បធម៌ធម្មជាតិ ០៣កន្លែង), រមណីយដ្ឋានទេសចរណ៍កែច្នៃ ១១កន្លែង, រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ០៩កន្លែង, អេកូទេសចរណ៍ ១០កន្លែង និងកសិទេសចរណ៍ ០៤កន្លែង (គ្មានអាជ្ញាបណ្ណ)៕