(ព្រះសីហនុ)៖ លោក នី ផល្លី អតីតសិស្សវិទ្យាល័យក្រុងព្រះសីហនុ និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូនៅវិទ្យាល័យក្រុងព្រះសីហនុ ដែលស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាសាលាដែលលោកធ្លាប់ទទួលបានការអប់រំកាលពីជាង២០ឆ្នាំមុន។
លោក នី ផល្លី បានសម្តែងនូវក្តីនឹករលឹកក្រៃលែង និងការដឹងគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបាននិងកំពុងប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងការបង្ហាត់បង្រៀន ផ្ទេរទាំងចំណេះដឹង និងបទពិសោធន៍ល្អៗសម្រាប់ជាដើមទុនដល់សិស្សានុសិស្សគ្រប់រូបក្នុងការកសាងអនាគតសម្រាប់ខ្លួនឯងផង និងក្រុមគ្រួសារផង ជាពិសេសក្លាយជាធនធានមនុស្សដ៏ល្អប្រកបដោយគុណភាពសម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិ។
ក្នុងឱកាសនោះ លោក នី ផល្លី បាននាំយកនូវសម្ភារការិយាល័យ រួមមានកុំព្យូទ័រយួរដៃ (Laptop) ចំនួន៤គ្រឿង ម៉ាស៉ីនព្រីនថឺរចំនួន១គ្រឿង ម៉ាស៉ីនថតចម្លងចំនួន១គ្រឿង រួមទាំងទឹកសម្លាប់មេរោគធម្មជាតិម៉ាក ebiodis មួយចំនួនសម្រាប់ប្រើប្រាស់បង្ការរោគឆ្លងនានា និងអនាម័យទូទៅជូនដល់វិទ្យាល័យ ដើម្បីប្រើប្រាស់តាមការចាំបាច់។
លោកស្រីនាយិកាសាលា ព្រមទាំងលោកគ្រូអ្នកគ្រូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក នី ផល្លី ដែលបានចុះមកសួរសុខទុក្ខ និងឧបត្ថម្ភអំណោយសប្បុរសខាងលើនេះជូនដល់សាលា និងជូនពរឱ្យក្រុមការងារទាំងអស់ទទួលបាននូវពុទ្ធពរទាំងបួនប្រការ និងមានជោគជ័យគ្រប់ភារកិច្ច៕