(សៀមរាប)៖ ពលរដ្ឋនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានសម្ដែងការត្រេកអរពេលបានមកមើលដី នៅភូមិធម្មជាតិរុនតាឯក និងអរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់ដីឡូតិ៍សម្រាប់គាត់រស់នៅ។

អ្នកស្រី ទូច យ៉ានណារិទ្ធ បានប្រាប់ឱ្យដឹង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះថា អ្នកស្រីមានការត្រេកអរជាខ្លាំងដែលបានសម្តេចតេជោ ហ៊ុន សែន បានរៀបចំឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងសេះ ផ្លាស់ឱ្យមករស់នៅក្នុងភូមិធម្មជាតិរុនតាឯក។ អ្នកស្រីលើកឡើងថា នៅភូមិធម្មជាតិរុនតាឯក បន្តិចទៀតនឹងមានការអភិវឌ្ឍទៅមុខ បន្ទាប់ពីប្រជាជនមករស់នៅច្រើន ហើយក៏អាចប្រកបរបរ ដើម្បីផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារផងដែរ។

ទន្ទឹមនឹងនោះដែរ អ្នកស្រីបានបន្តថា ដោយជាស្រ្តីមេម៉ាយក៏បានស្នើដល់អាជ្ញាធរ ឱ្យជួយដឹកជញ្ជូនសម្ភារៈ និងការសាងសង់ផ្ទះថ្មី ដើម្បីឱ្យអ្នកស្រីរស់នៅបន្តទៀត។ កាលពីមុនអ្នកស្រីធ្វើនំល្ពៅ និងចេកបុកចំហុយ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយមុនជំងឺកូវីដ អ្នកស្រីក៏បានផ្អាកលក់មួយរយៈ។

អ្នកស្រីបន្តថា បានមករស់នៅក្នុងភូមិត្រពាំងសេះ តាំងពីឆ្នាំ១៩៩៨មកហើយ បន្ទាប់មកនៅឆ្នាំ១៩៩៩ ក៏បានសាងសង់ផ្ទះនៅមុខអង្គរវត្ត ប៉ុន្តែដូនតាអ្នកស្រីរស់នៅក្នុងតំបន់សៀមរាបនេះ តាំងពីសង្គមមកហើយ។ នៅពេលបានមកឃើញដី អ្នកស្រីមានការសប្បាយរីករាយជាខ្លាំង នៅពេលមានប្រជាពលរដ្ឋមករស់នៅច្រើន តំបន់នេះនឹងក្លាយជាតំបន់អភិវឌ្ឍន៍ដ៏អស្ចារ្យមួយ ហើយក៏មិនបានខឹងចំពោះកម្លាំងសមត្ថកិច្ចចម្រុះ ដែលបានមកដេញគាត់ចេញពីកន្លែងដែលធ្លាប់រស់នៅ និងកន្លែងលក់ដូរនោះដែរ។

អ្នកស្រីមានការការត្រេកអរជាខ្លាំង ព្រោះមានសិទ្ធិក្នុងការសាងសង់សំណង់ ប្រសិនបើមានលទ្ធភាព និងអរគុណសម្តេចតេជោ ហ៊ុន សែន ជាខ្លាំងដែលជួយពលរដ្ឋក្នុងកិច្ចការនេះ។

ចំពោះការណ៍ដែលអ្នកស្រីសម្រេចមករស់នៅទីនេះ គឺអ្នកស្រីគិតថា បានចូលរួមការការពារតំបន់ប្រាសាទឱ្យកាន់តែគង់វង្សបានយូរអង្វែង និងស្រស់ស្អាត ដើម្បីលើកកម្ពស់មុខមាត់ប្រាសាទអង្គរវត្ត នឹងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកម្សាន្តជាហូរហែផងដែរ។

ជាមួយគ្នានេះដែរ អ្នកស្រីក៏ស្នើដល់ប្រមុខថ្នាក់ដឹកនាំឲ្យជួយជំរុញក្នុងការរៀបចំសាលារៀនបន្ថែម មន្ទីរពេទ្យ ផ្សារ និងនិងហេដ្ឋារចនាសម្ព័ន្ធចេញផ្សេងៗឱ្យបានលឿន ដើម្បីឱ្យងាយស្រួលក្នុងការមករស់នៅផងដែរ៕