(រតនគិរី)៖ លោក ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីប្រកាសផ្ទេរភារកិច្ចមន្ត្រី២រូប និងតែងតាំងមន្ត្រី៤រូប ចូលកាន់មុខតំណែងជាអភិបាលរងខេត្តរតនគិរីជាផ្លូវការ។

ពិធីនោះ ក៏មានការចូលរួមពីប្រតិភូអមដំណើរ លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ញ៉ែម សំអឿន អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកប្រធានសាលាដំបូង លោកព្រះរាជអាជ្ញាអមសាលាដំបូង ព្រមទាំងជួរថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរស្រុក ក្រុងជាច្រើនរូបផងដែរ។

សូមបញ្ជាក់ថា មន្ត្រីរាជការចំនួន២រូប ដែលត្រូវបានសម្តេចតេជោ ហ៊ុនសែន ផ្ទេរភាកិច្ច រួមមាន៖

១៖ លោក ស៊ូ សិរី ឧត្តមមន្ត្រីថ្នាក់លេខ២ ផ្ទេភារកិច្ចពីអភិបាលរងខេត្តព្រះវិហារមកអភិបាលរងខេត្តរតនគិរី
២៖ លោក ជា ថាវរិទ្ទ ឧត្តមមន្ត្រីថ្នាក់លេខ២ ផ្ទេរភារកិច្ចពីអភិបាលរងខេត្តស្ទឹងត្រែងមកអភិបាលរងខេត្តរតនគិរី។

មន្ត្រីរាជការចំនួន៤រូប ត្រូវបានសម្តេចតេជោ ហ៊ុន សែន តែងតាំងជាអភិបាលរងខេត្តរួមមាន៖

១៖ លោក ងិន ណែល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ជាអភិបាលរងខេត្ត
២៖ លោក ខ័ណ្ឌ ចំណាន ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ជាអភិបាលរងខេត្ត
៣៖ លោក ម៉ា វិចិត្រ ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ជាអភិបាលរងខេត្ត
៤៖ លោក វ៉ាន់ សោភា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលមុខងារសាធារណៈ ជាអភិបាលរងខេត្ត៕