(ភ្នំពេញ)៖ លោក Gerardo Penalver Portal អនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបទេសគុយបា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់មន្រ្តីការទូតគុយបាប្រចាំកម្ពុជាទាំងអស់ ដោយឥតគិតថ្លៃ។

លើសពីនោះ លោកអនុរដ្ឋមន្រ្តីទី១ បានសម្តែងនូវការកោតសរសើរ និងអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងសុខាភិបាល ចំពោះជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលអាចឱ្យកម្ពុជាបើកដំណើរការឡើងវិញទាំងស្រុងសេដ្ឋកិច្ច-សង្គម។

ការថ្លែងដូច្នេះរបស់លោកអនុរដ្ឋមន្រ្តីទី១ ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ ជាមួយលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាទីស្តីការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។

លោកអនុរដ្ឋមន្រ្តីទី១ ក៏បានសម្តែងការកោតសរសើរដល់មន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលទាំងពីរ ដែលបាននឹងកំពុងពិភាក្សាគ្នាយ៉ាងសកម្មតាមរយៈស្ថានទូតគុយបា ប្រចាំកម្ពុជា ក្នុងការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលកម្ពុជា-គុយបា ដែលគ្រោងនឹងចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅសាធារណរដ្ឋគុយបា នាពេលដ៏ខ្លីខាងមុខ។

ជាការឆ្លើយតប រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចរបស់លោកអនុរដ្ឋមន្រ្តីទី១ នៅកម្ពុជា។

រដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងជាប្រពៃណីកម្ពុជា-គុយបា ជាពិសេសនាទស្សវត្សរ៍ឆ្នាំ៨០ បន្ទាប់ពីកម្ពុជាទើបងើបពីរបបប្រល័យពូជសាសន៍ គុយបាបានបញ្ជូនក្រុមគ្រូពេទ្យ ចំនួនប្រមាណពី ២០ ទៅ៣០នាក់ មកជួយដល់អតីតមន្ទីរពេទ្យ ៧មករា ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ ក្នុងការផ្តល់សេវាពិនិត្យ ព្យាបាលថែទាំជំងឺផ្នែកវេជ្ជសាស្រ្តទូទៅ ផ្នែក វះកាត់ ផ្នែកជំងឺកុមារ ផ្នែករោគស្រ្តីនិងសម្ភព ផ្នែកត្រចៀក ច្រមុះ បំពង់ក និងផ្នែកចក្ខុរោគ ព្រមទាំងជួយបង្ហាត់បង្រៀនដល់ក្រុមគ្រូពេទ្យកម្ពុជាក្នុងកាលៈទេសៈ ដែលកម្ពុជាទើបរួចផុតពីរបបប្រល័យពូជសាសន៍។

លើសពីនេះ គុយបាបានផ្តល់អាហារូបករណ៍ដល់និស្សិត និងគ្រូពេទ្យកម្ពុជាទៅសិក្សាផ្នែកវេជ្ជបណ្ឌិតឯកទេសនានា វេជ្ជបណ្ឌិត ឱសថការី ផ្នែកមន្ទីរពិសោធន៍ ផ្នែករូបភាពវេជ្ជសាស្រ្ត និងគិលានុបដ្ឋាក-យិកា នៅប្រទេសគុយបា ចំនួន ៣៦នាក់។

រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានគូសរំលេចថា បន្ទាប់ពីកម្ពុជាបានបង្រួបបង្រួមជាតិ និងកសាងបានសន្តិភាពទាំងស្រុងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា លើវិស័យសុខាភិបាល ក៏នៅតែបន្តតាមរយៈការចុះកិច្ចព្រមព្រៀង នាឆ្នាំ២០០១ និងបានបញ្ជូនក្រុមគ្រូពេទ្យមកជួយផ្តល់សេវាពិនិត្យព្យាបាល ព្រមទាំងចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ ដល់គ្រូពេទ្យកម្ពុជានៅខេត្តព្រះវិហារ ខេត្តកំពង់ចាម និងខេត្តមណ្ឌលគីរី នាឆ្នាំ២០០១ ដល់ឆ្នាំ២០០២។

រដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមអនុស្សរណៈនៃការយោគយល់គ្នាថ្មីនេះ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹ ង និងពង្រីក ដែលជាការរួមចំណែកលើកកម្ពស់សុខុមាលភាព សុខភាពរបស់ប្រជាជន នៃប្រទេសទាំងពីរ ហើយចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបាកាន់តែរឹងមាំ៕