(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រជុំជាមួយ បញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ង្វៀង ជឿងថាំង មេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដើម្បីបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩-២០២២ និងលើកទិសដៅបន្តឆ្នាំ២០២២-២០២៣។

ក្នុងនាមម្ចាស់ផ្ទះនៃកិច្ចប្រជុំប្តូរវេនប្រចាំឆ្នាំ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បន្ទាប់ពីអាក់ខានចាប់តាំងពីមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មក ហើយស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ ដោយថ្នាក់ដឹកនាំទាំងសងខាង ក៏បានកំណត់យកជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម» ផងដែរ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ង្វៀង ជឿងថាំង បានថ្លែងអំណរគុណចំពោះកងទ័ពជើងគោកកម្ពុជា ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសហការជួយគ្នាទៅវិញទៅមកក្នុងស្មារតីមិត្តភាព សាមគ្គីភាព ដែលជាទម្លាប់ដ៏ល្អមួយរវាងអង្គភាពទាំងពីរ ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបាននូវការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងនាមជាអ្នកជិតខាងភូមិផងរបងជាមួយគ្នាដ៏ល្អ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវមោទនភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ ស្របតាមគោលការណ៍ និងទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់យក ជាពិសេសការបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ស្របទៅតាមពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»

ឆ្លងតាមរបាយការណ៍បូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩-២០២១ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិ ដែលសម្រេចបានកន្លងមក ថ្វីដ្បិតតែប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល បានជួបប្រទះនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ជាពិសេសនៅតែរក្សាបាននូវការភ្ជាប់ទំនាក់ទំនងជាប្រចាំតាមរយៈយន្តការគ្រប់កម្រិតរវាងកងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងឯកភាពចំណុះយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដោយបានបន្តសកម្មភាពកិច្ចសហប្រតិបត្តិការយ៉ាងល្អជិតស្និទ្ធ រួមទាំងការជួយឧបត្ថម្ភគាំទ្រគ្នាក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺក៏កាចសាហាវនេះ។ លទ្ធផលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាបាននូវព្រំដែនដែនមិត្តភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងទប់ស្កាត់ និងកាត់បន្ថយបានរាល់បទល្មើសឆ្លងដែនផ្សេងៗ ដែលជាការបង្កលក្ខណៈងាយស្រួលឱ្យប្រជាជននៃប្រទេសទាំងពីរបានផ្លាស់ប្តូរសេដ្ឋកិច្ច និងប្រកបរបររកស៊ីទៅវិញទៅមក រួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។

សម្រាប់ទិសដៅឆ្នាំ២០២២-២០២៣ ភាគីទាំងពីរបានឯកភាពលើការបន្តកិច្ចខិតខំប្រឹងប្រែងសហការអនុវត្តភារកិច្ច ស្របតាមពិធីសារស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដំណាក់កាល២០២០-២០២៤ និងផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅនាំមកនូវការរីកចម្រើនកាន់តែសកម្មនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជា កិច្ចសហការលើការងារការពារព្រំដែនគោក នៃប្រទេសទាំងពីរ, កិច្ចសហការលើការផ្តល់ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយនៅតាមបណ្តោយព្រំដែន, ការចូលរួមបង្កលក្ខណៈដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់ជាស្ថាពរទៅតាមផែនការការងាររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ និងការគាំទ្រលើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស។

ក្នុងឱកាសនេះផងដែរ ភាគីទាំងពីរ ក៏បានរំឭកឡើងវិញ និងថ្លែងអំណរគុណគ្នាទៅវិញទៅមកចំពោះស្មារតីនៃការជួយគ្នាក្នុងកាលៈទេសៈ ដែលប្រទេសទាំងពីរជួបការលំបាក ដូចកាលប្រទេសកម្ពុជាបានជួយប្រទេសវៀតណាម នៅក្នុងការតស៊ូរំដោះប្រទេសក្នុងទស្សវត្សរ៍ឆ្នាំ១៩៧០ និងប្រទេសវៀតណាម បានជួយកម្ពុជាវិញនៅក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមទាំងការស្តារ កសាង និងអភិវឌ្ឍប្រទេសឡើងវិញ ផងដែរ៕