(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអង្គការ Antiquities Coalition នៅសហរដ្ឋអាមេរិក នឹងរៀបចំសន្និសីទអន្តរជាតិ ស្តីពីការការពារសម្បត្តិវប្បធម៌។
សន្និសីទនេះ ផ្តោតសំខាន់លើការការពារ និងការទប់ស្កាត់អំពើជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ដែលកំពុងគំរាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែប ក្នុងតំបន់អាស៉ីអាគ្នេយ៍ ដល់សហគមន៍ និងសេដ្ឋកិច្ចជាតិ ដែលជាបញ្ហាសំខាន់ ចំពោះប្រជាជននៅតំបន់អាស៉ីអាគ្នេយ៍។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប នឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលនានា រួមជាមួយអ្នកជំនាញជាន់ខ្ពស់ មកពីជុំវិញពិភពលោក ដែលជាអ្នកដឹកនាំផ្នែកគោលនយោបាយ ការអនុវត្តច្បាប់ សារមន្ទីរនានា ទីផ្សារសិល្បៈ និងសង្គមស៉ីវិល។ ក្រុមអ្នកជំនាញចម្រុះនេះ នឹងរួមគ្នារៀបចំបង្កើតនូវវិធានការជាក់លាក់មួយ ដើម្បីការពារកេរមរតកក្នុងតំបន់ សម្រាប់មនុស្សជំនាន់ក្រោយ និងស្វែងរកមកវិញនូវរតនសម្បត្តិជាតិសម្រាប់អាស៊ាន។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ លោកស្រីណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងធ្វើជាប្រធាននៃកិច្ចប្រជុំពេញអង្គអន្តរជាតិ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីវប្បធម៌ មកពីសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ (អាស៊ាន)។ វេទិកាជាប្រវត្តិសាស្ត្រនេះ នឹងផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហការ និងការយោគយល់គ្នាកាន់តែប្រសើរថែមទៀតរវាងប្រទេសសមាជិកអាស៊ាន និងប្រទេសជាដៃគូអន្តរជាតិសំខាន់ៗ មកពីអាស៉ី-អឺរ៉ុប និងសហរដ្ឋអាមេរិក។ វេទិកានេះ ក៏នឹងពិនិត្យពិភាក្សាលើមធ្យោបាយនានា ក្នុងក្របខណ្ឌអាស៊ាន សំដៅទប់ទល់នឹងបញ្ហាឆ្លងកាត់ព្រំដែននេះ។
ក្រសួងវប្បធម៌បានឲ្យដឹងថា ក្នុងអំឡុងសង្គ្រាមច្រើនទសវត្សរ៍កន្លងមក សម្បត្តិវប្បធម៌ជាតិជាច្រើន ត្រូវបានលួចនាំចេញដោយខុសច្បាប់ពីប្រទេសកម្ពុជា និងបានចរាចរដាក់លក់ ក្នុងទីផ្សារសិល្បៈអន្តរជាតិ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេស បានផ្តល់ឱកាសឱ្យកម្ពុជាអាចធ្វើការជាមួយបណ្តាប្រទេសនានា ក្នុងការកាត់បន្ថយអំពើចោរកម្មគួរឱ្យកត់សម្គាល់។ ការប្រគល់មកវិញជាបន្តបន្ទាប់នូវសម្បត្តិវប្បធម៌របស់កម្ពុជា បានដើរតួនាទីជាកាតាលីករដ៏សំខាន់ដែលជំរុញឱ្យសារមន្ទីរ និងអ្នកប្រមូលសមុច្ច័យឯកជននានា ពិចារណាឡើងវិញនូវការប្រមូល និងការទិញ ឬការទទួលយកវត្ថុបុរាណ។
បច្ចុប្បន្ន កម្ពុជាកំពុងធ្វើយុទ្ធនាការសកល ដើម្បីស្វែងរកមកវិញនូវរតនសម្បត្តិជាតិរបស់ខ្លួន នាពេលថ្មីៗនេះ ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានមកវិញនូវស្នាដៃឯកចំនួន ៣០រូប ក្នុងនោះមានរូបចម្លាក់ «ព្រះគណេស» និង «ព្រះស្កន្ទគង់លើសត្វក្ងោក» តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហរដ្ឋអាមេរិក គឺជាជោគជ័យដ៏ធំធេង។ ស្នាដៃចម្លាក់ដ៏ល្អឯកទាំងពីរនេះ មានប្រភពមកពីតំបន់ប្រាសាទកោះកេរ ដែលជារាជធានីនៃអាណាចក្រខ្មែរបុរាណក្នុងសតវត្សរ៍ទី១០ នៃគ.ស។ អ្នកចូលរួមទាំងអស់ នឹងបានទៅទស្សនាប្រាសាទកោះកេរ នៅក្នុងដំណើរទស្សនកិច្ចនៃកម្មវិធីសន្និសីទនេះ ហើយនឹងឃើញដោយផ្ទាល់នូវផលប៉ះពាល់ធ្ងន់ធ្ងរនៃការធ្វើពាណិជ្ជកម្មខុសច្បាប់ ចំពោះតំបន់បេតិកភណ្ឌវប្បធម៌។
ក្រសួងវប្បធម៌ អះអាងថា បទពិសោធន៍កន្លងមករបស់កម្ពុជា ពាក់ព័ន្ធនឹងការទាមទារមកវិញនូវសម្បត្តិវប្បធម៌ជាតិ បានបង្ហាញឱ្យឃើញពីភាពជោគជ័យតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបញ្ជូនមកវិញនូវសម្បត្តិវប្បធម៌ជាតិដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់។ ក្រសួងសង្ឃឹមថា កម្ពុជានឹងអាចចែករំលែកនូវបទពិសោធន៍ទាំងនេះ សំដៅពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការប្រឆាំងចំពោះជនទុច្ចរិតលួចប្លន់ និងទីផ្សារសិល្បៈខុសច្បាប់ សម្រាប់ជាផលប្រយោជន៍សេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌៕