(ភ្នំពេញ)៖ បន្ទាប់ពីដករបាំងលក្ខខណ្ឌតម្រូវផ្នែកសុខាភិបាលទាំងអស់ហើយ ម៉ាឡេស៉ីបានបន្តផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់ប្រទេសខ្លួន ដើម្បីទាក់ទាញជំរុញចលនាភ្ញៀវទេសចរឡើងវិញបន្ទាប់ពីវិបត្តិកូវីដ១៩បានធូរស្រាល តួយ៉ាងស្ថានទូតម៉ាឡេស៉ីប្រចាំកម្ពុជា និងក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីបានរៀបចំពិព័រណ៍ទេសចរណ៍ម៉ាឡេស៊ី Let's Go Malaysia Travel Fair 2022។
ពិព័រណ៍ទេសចរណ៍ម៉ាឡេស៉ីនេះធ្វើឡើងនៅផ្សារទំនើបអ៉ីអនភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែកញ្ញាឆ្នាំ២០២២។ ក្នុងពិធីសម្ពោធជាផ្លូវការនៃកម្មវិធីពិព័រណ៍នាព្រឹកថ្ងៃទី២នេះ ក៏មានការចូលរួមពីសំណាក់ឧកញ៉ា អ៊ែលដិន ហាសៃនី ម៉ូហាស្ស៉ីម (Datuk Eldeen Husaini Mohd Hashim) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA)។
លោកស្រី ពត រ៉ានី ប្រធានគ្រប់គ្រងទីផ្សារប្រចាំក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៉ីនៃស្ថានទូតម៉ាឡេស៉ី បានឱ្យដឹងថា ពិព័រណ៍ទេសចរណ៍ម៉ាឡេស៊ីនេះមានគោលបំណងផ្សព្វផ្សាយ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាបង្ហាញពីផលិតផលទេសចរណ៍ថ្មីៗនៅម៉ាឡេស៊ី ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៉ី។
លោកស្រី ពត រ៉ានី បានបន្តថា ការតាំងពិព័រណ៍ទេសចរណ៍នេះដែរក៏មានការចូលរួមសហការដោយភ្នាក់ងារទេសចរណ៍ក្នុងស្រុកចំនួន១០ក្រុមហ៊ុន ដែលបានមកដាក់តាំងលក់កញ្ចប់សេវាកម្មទេចរណ៍ទៅកាន់ប្រទេសម៉ាឡេស៊ី រួមមាន ក្រុមហ៊ុន World Pop Travel & Tours, ក្រុមហ៊ុន R.T.R Tours, ក្រុមហ៊ុន Sky King Travel & Tours, ក្រុមហ៊ុន 2 World Travel Cambodia, ក្រុមហ៊ុន Gold Star Travel & Tours, ក្រុមហ៊ុន Global Holiday Travel & Tours, ក្រុមហ៊ុន TNTO Travel & Tours, ក្រុមហ៊ុន Ann Loue Travel & Tours, ក្រុមហ៊ុន Fun Trip Travel & Tours, ក្រុមហ៊ុន Sakona Travel & Tours។ ក្រៅពីនេះមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ដែលមានជើងហោះហើរត្រង់កម្ពុជា-ម៉ាឡេស៊ី រួមមាន ក្រុមហ៊ុន Malaysia Airlines, ក្រុមហ៊ុន AirAsia និងក្រុមហ៊ុន Lanmei Airlines ព្រមទាំងធនាគាកម្ពុជាសាធារណៈ, Medial Tourism ដែលមកពី Sunway Medical Centre។ ក្រុមហ៊ុនទាំងនេះនឹងផ្សព្វផ្សាយរយៈពេល៣ថ្ងៃ ជាមួយនឹងការលក់ប្រូម៉ូសិនពិសេសលើកញ្ចប់សេវាកម្មដំណើរកម្សាន្ត ការកក់ជើងហោះហើរ និងសេវាកម្មទេសចរណ៍ផ្សេងទៀត។ លើសពីនេះក៏មានទីភ្នាក់ងារ Tourism Malaysia ជាទីភ្នាក់ងារមួយស្ថិតក្រោមក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី។
លោកឯកអគ្គរាជទូត អ៊ែលដិន ហាសៃនី ម៉ូហាស្ស៉ីម បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសម៉ាឡេស៉ីមិនតម្រូវឱ្យមានលក្ខខណ្ឌអ្វីទៀតឡើយសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលចូលទៅកាន់ប្រទេសខ្លួន ពោលគឺលែងមានការធ្វើតេស្ត ឬការធ្វើចត្តាឡីស័កដូចកាលពីពេលរីករាលដាលជំងឺកូវីដខ្លាំងនោះឡើយ។
បើតាមលោក អ៊ែលដិន ហាសៃនី ទីក្រុងគូឡាឡាំពួ កោះលង្កាវី រដ្ឋចូហូ រដ្ឋសារ៉ាវ៉ាក់ រដ្ឋម៉ាឡាកា ក៏ដូចជាកោះ ឆ្នេរសមុទ្រ ទីក្រុងទេសចរណ៍ដទៃទៀត គឺបានត្រៀមស្វាគមន៍ភ្ញៀវទេសចរពីកម្ពុជារួចជាស្រេច។ ភ្ញៀវទេសចរដែលចង់ទៅម៉ាឡេស៉ី គ្រាន់តែទិញសំបុត្រយន្តហោះ ហើយរៀបចំអីវ៉ាន់អាចទៅបានតែម្ដង។
លោកឯកអគ្គរាជទូតបានបន្តថា ពេលនេះជាពេលដ៏ស័ក្តិសមបំផុតក្នុងការទៅទស្សនាកម្សាន្តនៅម៉ាឡេស៉ី ពីព្រោះអាកាសធាតុអំណោយផល ខណៈរមណីយដ្ឋាន គោលដៅទេសចរណ៍ សណ្ឋាគារ ផ្សារទំនើប និងសេវាកម្មទេសចរណ៍ គឺត្រូវបានបើកយ៉ាងទូលំទូលាយវិញអស់ហើយ។
លោករដ្ឋលេខាធិការ សូ ម៉ារ៉ា ក៏បានលើកទឹកចិត្តដល់ភាគីម៉ាឡេស៉ី ក៏ដូចជាក្រុមហ៊ុនទេសចរណ៍នៅកម្ពុជាសហការគ្នាចូលរួមផ្សព្វផ្សាយពីទេសចរណ៍នៃប្រទេសទាំងពីរ ក្រោមទិសស្លោកថា «ប្រទេសពីរ គោលដៅតែមួយ» ដើម្បីទាក់ទាញជំរុញចលនាទេសចរទៅវិញទៅមក។
ជាមួយគ្នានោះ លោកឯកអគ្គរាជទូរម៉ាឡេស៉ីបានបញ្ជាក់ទៀតថា នៅប្រទេសម៉ាឡេស៉ីក៏តែងមានការផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជាផងដែរ ដើម្បីជំរុញចលនាភ្ញៀវទេសចរពីម៉ាឡេស៉ីមកកម្ពុជា ខណៈបច្ចុប្បន្នមានភ្ញៀវទេសចរម៉ាឡេស៉ីមកកាន់កម្ពុជាច្រើនណាស់ដែរ គឺរហូតដល់៨,០០០នាក់ បន្ទាប់ពីប្រទេសទាំងពីរប្រកាសបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនោះ។
លោកស្រី ឆាយ ស៉ីវលីន បានបង្ហាញក្ដីរំពឹងទុកថា តាមរយៈជើងហោះហើរត្រង់រវាងកម្ពុជា-ម៉ាឡេស៉ី និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ល្អជាមួយគ្នាឡើងវិញនេះ (បន្ទាប់ពីវិបត្តិកូវីដ១៩រីករាលដាលខ្លាំង) ប្រទេសទាំងពីរនឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើនជាងមុន ពីព្រោះប្រទេសទាំងពីរសុទ្ធតែមានភាពទាក់ទាញខ្លាំងដូចគ្នា៕