(ព្រះសីហនុ)៖ យោងតាមព័ត៌មានបឋម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៥៖៣០នាទីព្រឹក មានករណីមនុស្សធ្លាក់ពីលើសណ្ឋាគារអន្តរជាតិ ជុនហាវ ដែលស្ថិតនៅក្រុមទី១៨ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលធ្លាក់ពីលើសណ្ឋាគារអន្តរជាតិ ជុនហាវ ជាជនជាតិចិន មានឈ្មោះ PENG XIAOPAN ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិន ពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ EH 4475632 ចុះថ្ងៃទី១៩/០៩/២០១៩ ផុតសុពលភាព ១៨/០៩/២០២៩ ។

នៅបើតាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច នេះជាករណីបង្ខាំង ហើយបច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងសហការជាមួយកម្លាំងនគបាលប៉ុស្តិ៍ធ្វើការស្រាវជ្រាវជុំវិញកន្លែងកើតហេតុ នៃការធ្លាក់ខាងលើ។ ចំណែកឯ ជនរងគ្រោះខាងលើ ត្រូវបានជួយសង្គ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក)។

ជុំវិញករណីខាងលើ នគរបាលជំនាញកំពុងស្រាវជ្រាវនៅជុំវិញទីតាំងកន្លែងកើតហេតុបន្ថែម។ យ៉ាងណាព័ត៌មានផ្សេងទៀត នឹងត្រូវបង្ហាញលម្អិតនៅពេលក្រោយ៕