(ស្ទឹងត្រែង)៖ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង នាយក រដ្ឋបាល នាយករងរដ្ឋបាល នាយកទីចាត់ការសាលាខេត្ត អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ នៃមន្ទីរអង្គភាពជុំវិញខេត្ត និងនាយកសាលាអនុវិទ្យាល័យ សាលាបឋមសិក្សាក្នុងខេត្តស្ទឹងត្រែង សរុបចំនួន ៧៨រូប ។

ក្នុងនោះគឺមានប្រកាសតែងតាំង លោក ញ៉ែម វណ្ណយុត្តិ នាយករងរដ្ឋបាលខេត្ត ជានាយករដ្ឋបាលខេត្ត ជំនួសលោក ចៅ មុន្នីរ៉ា ដែលបានតែតាំងជាអភិបាលរងខេត្ត ដែលបានប្រកាសកាលពីកន្លងទៅថ្មីៗនេះ។

កម្មវិធីប្រកាសតែងតាំងតួនាទីមន្រ្តី ថ្នាក់ក្រោម ប្រព្រឹត្តទៅនារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ និងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់អង្គភាពចំណុះសាលាខេត្ត ប្រធាន អនុប្រធានការិយាល័យ តាមបណ្តាមន្ទីរវិស័យ នាយកសាលាអនុវិទ្យាល័យ សាលាបឋមសិក្សា និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

លោក ស្វាយ សំអ៊ាង បានថ្លែងថា លោក លោកស្រីដែលបាន ប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងសម្រាប់តួនាទីថ្មី ត្រូវខិតខំរួមគ្នាដើម្បីបន្តពង្រឹង ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្ដល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

លោកបានបញ្ជាក់បន្ថែមថា គ្រប់មន្រ្តីដែលស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងរចនាសម្ព័ន្ធតាមបណ្តាមន្ទីរវិស័យទាំងអស់ ត្រូវរៀបចំដាក់ចេញនូវផែនការសកម្មភាពតាមលក្ខខ័ណ្ឌការងារ និងតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីរួមចំណែកជាមួយថ្នាក់ដឹកនាំខេត្ត ក្នុងការឆ្លើយតមទៅនឹងគោលបំណង គោលដៅយុទ្ធសាស្ត្រ នៃកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម និងដ៏ពិសិដ្ឋនៃកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ជំរុញដល់មន្ត្រីទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានាពាក់ព័ន្ធ និងតួនាទីភាកិច្ចរបស់ខ្លួន និងត្រូវបង្កើនកិច្ចសហការល្អតាមផ្នែកជំនាញនីមួយៗ ឲ្យបានល្អប្រសើរក្នុងការបំពេញភារកិច្ចដោយឈរលើស្មារតីទទួលខុសត្រូវ ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តគោលការណ៍ច្បាស់លាស់ និងភាពម្ចាស់ការ ព្រមទាំង ត្រូវយកចិត្តទុកដាក់ បន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចប្រកបដោយសក្តានុពល និងសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយត្រូវតម្កល់ប្រយោជន៍រួមរបស់អង្គភាពជាអាទិភាព។

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ចំពោះមន្រ្តីដែលមិនទាន់មាន ឋានៈតួនាទី គឺកុំមានការបាក់ទឹកចិត្ត ត្រូវបន្តខិតខំ ធ្វើការងារ ឱ្យពេញសមត្ថភាព ដើម្បីទទួលបានឋានៈតួនាទី ជាបន្តបន្ទាប់ទៀត ដែលថ្នាក់ដឹកនាំ មិនបានចោល មន្រ្តីណាម្នាក់ នោះឡើយ សំខាន់ការបំពេញការងារឱ្យបានល្អប្រសើរក្នុងអង្គភាព៕