(ភ្នំពេញ)៖ មន្រ្តីតុលាការក្រុងភ្នំពេញ បានឲ្យដឹងថា មេធាវី ពេជ រតនា ត្រូវបាន ACU បញ្ជូនទៅដល់តុលាការក្រុងភ្នំពេញហើយ នាមុននេះបន្តិច បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួន ពាក់ព័ន្ធនឹងអំពើពុករលួយ។
សូមជំរាបថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួន លោកមេធាវី ពេជ រតនា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងអំពើពុករលួយ។
លោកមេធាវី ពេជ រតនា ជាមេធាវីម្នាក់ នៅក្នុងគណៈមេធាវីកម្ពុជា ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំង អំពើពុករលួយនាំខ្លួន ពីចំណតពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីលោក ចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយដើរទៅកាន់រថយន្តរបស់លោក។
ទោះជាយ៉ាងណា លោក ប៊ុន ហ៊ុន ប្រធានគណៈមេធាវី បានអះអាងថា លោកនឹងមិនការពារមេធាវីណា ដែលធ្វើខុសវិជ្ជាជីវៈរបស់មេធាវីនោះឡើយ។ «យើងគ្រប់គ្រងមេធាវី ទៅលើការអនុវត្តច្បាប់ ទៅលើការអនុវត្តវិជ្ជាជីវៈរបស់មេធាវី នៅពេលមានការចាប់ ឬឃាត់ខ្លួនមេធាវីណាមួយ បើគាត់ប្រព្រឹត្តខុសច្បាប់ គណៈមេធាវីគ្មានសិទ្ធិណា ទៅអន្តរាគមន៍ឱ្យគេរួចខ្លួនទេ»។ ទោះជាយ៉ាងណា លោកថា នឹងបន្តឃ្លាំមើលករណីនេះ៕