(ភ្នំពេញ)៖ កងទ័ពកម្ពុជា ឡាវ និងវៀតណាម ដែលជាប្រទេសស្ថិតតាមដងទន្លេមេគង្គ ហើយតែងជួបមហន្តរាយពីគ្រោះធម្មជាតិញឹកញាប់នោះ បានសម្រេចធ្វើលំហាត់រួមគ្នា ដើម្បីពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការលើការងារសង្គ្រោះពេលកើតមានគ្រោះធម្មជាតិផ្សេងៗ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ បានឱ្យដឹងថា លំហាត់សង្គ្រោះគ្រោះមហន្តរាយ គឺគំនិតផ្តួចផ្តើម និងឯកភាពគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំង៣។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ លំហាត់សង្គ្រោះគ្រោះមហន្តរាយបណ្តាលមកពីគ្រោះធម្មជាតិនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៦ ខែកញ្ញា។ កម្លាំងចូលរួមក្នុងលំហាត់សង្គ្រោះគ្រោះមហន្តរាយនេះ មានប្រមាណជា ៥០០នាក់។ ក្នុងនោះប្រទេសឡាវ ដែលជាម្ចាស់រៀបចំលំហាត់នេះ មានកងទ័ពចូលរួមជាង ៣០០នាក់, វៀតណាម មានជាង ១០០នាក់ និងកម្ពុជា មានជិត ១០០នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងផងដែរថា លំហាត់នេះ ធ្វើឡើងក្រោមប្រធានបទ សង្គ្រោះគ្រោះមហន្តរាយបណ្តាលមកពីខ្យល់ព្យុះ ទឹកជំនន់។ ក្នុងលំហាត់នេះ កងទ័ពកម្ពុជា ទទួលភារកិច្ចលើការជួយសង្គ្រោះមនុស្សលង់ទឹក រុករកមនុស្សកប់ក្នុងអគាររលំដោយខ្យល់ព្យុះ រុករកមនុស្សដោយការលង់ទឹក និងការសង្គ្រោះចេញពីការបាក់ដីជាដើម។

ប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិរូបនេះ បានគូសបញ្ជាក់ថា ការលំហាត់សង្គ្រោះគ្រោះមហន្តរាយ រវាងកងទ័ពនៃប្រទេសទាំង៣ គឺជាកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដែលតែងតែគំរាមកំហែងដល់ប្រទេសជាប់ដងទន្លេមេគង្គទាំង៣នេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងដូច្នេះ «នេះជាវិធានការរួមគ្នាលើកិច្ចការមនុស្សធម៌ ដែលការរងគ្រោះដោយគ្រោះធម្មជាតិតែងតែកើតឡើងក្នុងប្រទេសទាំង៣នេះផងដែរ។ គ្រោះធម្មជាតិ វាមិនកើតឡើងនៅតែវៀតណាម នៅតែកម្ពុជា ឬនៅតែឡាវនោះទេ។ គ្រោះធម្មជាតិនេះ ពេលខ្លះវាកើតនៅវៀតណាម ហើយឆ្លងចូលមកកម្ពុជា បើឆ្លងបែបនេះយើងត្រូវសហការគ្នារវាងកម្លាំង និងកម្លាំងគាត់ [វៀតណាម] ដើម្បីជួយសង្គ្រោះ»

នាយឧត្តមសេនីយ៍បន្ថែមថា «គោលបំណងរបស់យើង គឺទប់ស្កាត់ និងសង្គ្រោះគ្រោះមហន្តរាយពីធម្មជាតិដែលបានកើតឡើង។ សង្គ្រោះប្រជាពលរដ្ឋយើង ឱ្យរួចផុតពីមហន្តរាយទាំងអស់នេះ។ នេះជាគំនិតផ្តួចផ្តើមឡើងនៃកិច្ចសហប្រតិបត្តិការប្រទេសទាំង៣»

សូមបញ្ជាក់ថា ដើម្បីធានាបានភាពជោគជ័យនៃការចូលរួមធ្វើលំហាត់របស់កងទ័ពកម្ពុជានោះ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអញ្ជើញចុះទៅពិនិត្យសម្ភារៈ និងបរិក្ខារ ដែលបម្រើក្នុងលំហាត់សង្គ្រោះគ្រោះមហន្តរាយ និងជួបសំណេះសំណាលជាមួយកងទ័ពចេញទៅចូលរួមក្នុងលំហាត់នេះដោយផ្ទាល់។ កិច្ចសំណេះសំណាល បានធ្វើឡើងនៅបញ្ជាការដ្ឋានទ័ពពិសេស របស់ឧត្តមសេនីយ៍ឯក ចាប ភក្តី។

ក្នុងពិធីចុះពិនិត្យសម្ភារៈ បរិក្ខារ និងសំណេះសំណាលជាមួយកងកម្លាំងត្រូវចូលរួមលំហាត់នេះ ក៏មានការបង្ហាញនូវឆុតឆាកប្រតិបត្តិការសង្គ្រោះ រួមមានការរុករកអ្នកលង់ទឹក ការជួយសង្គ្រោះជនរងគ្រោះនៅក្នុងទឹក និងការជួយសង្គ្រោះជនរងគ្រោះនៅក្រោមគំនរអគារជាដើម។

ក្រៅពីពិនិត្យសម្ភារៈ បរិក្ខារ និងទស្សនាការសម្តែងពីរបៀបជួយសង្គ្រោះជនរងគ្រោះហើយនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជួយសំណេះសំណាលជាមួយកងកម្លាំងទាំងជិត ១០០នាក់ ដែលត្រូវចូលរួមក្នុងលំហាត់សមយុទ្ធនេះផងដែរ។

ក្នុងជំនួបសំណេះសំណាលនេះ ក្រៅតែពីការលើកសរសើរកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់ក្នុងការជួយសង្គ្រោះហើយនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសរំលេចពីការប្រែប្រួលអាកាសធាតុលើពិភពលោក ហើយបង្កឱ្យមានគ្រោះធម្មជាតិជាញឹកញាប់។ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា កងទ័ពក្រៅតែពីការងារស្នូលការពារបូរណភាពទឹកដីហើយនោះ កងទ័យក៏មានតួនាទីភារកិច្ចពិសេសមួយទៀត គឺការសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានក្រើរំលឹកដល់កងទ័ពដែលត្រូវចេញទៅចូលរួមលំហាត់សង្គ្រោះគ្រោះមហន្តរាយនេះ ត្រូវយកចិត្តទុកដាក់លំហាត់ ដើម្បីក្រេបជញ្ជក់យកចំណេះជំនាញជួយដល់ប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិ។

អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទរូបនេះ ក៏បានណែដល់កងទ័ពត្រូវចេញទៅនេះ ត្រូវគិតគូរពីសុវត្ថិភាព និងរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពសម្ភារៈ និងបរិក្ខា ដែលបានបំពាក់ជូន។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តែផ្តាំឱ្យកងទ័ពយកចិត្តទុកដាក់ថែរក្សាការពារសុខភាពពីជំងឺកូវី១៩។ បន្ថែមពីលើនោះត្រូវគោរពវិន័យ បទបញ្ជា និងលក្ខខណ្ឌផ្សេងក្នុងលំហាត់សង្គ្រោះនោះ ដើម្បីចៀសវាងការតិះទៀនមិនល្អពីប្រទេសដែលបានចូលរួម។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឧបត្ថម្ភថវិកាជូនដល់កងកម្លាំង និងបានផ្តល់កញ្ចប់ថវិកាសម្រាប់ថ្លៃអាហារ និងការស្នាក់នៅរបស់កងទ័ពទាំងពេលទៅ និងពេលមកវិញផងដែរ៕