(ភ្នំពេញ)៖ ក្រុមការងារផ្តល់សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះ បានជូនដំណឹងពីការផ្អាកផ្តល់ជូនសៀវភៅមួយរយៈពេលខ្លី ដោយសារតែសន្ទុះនៃការគាំទ្រសៀវភៅនេះ មានការកើនឡើងខ្លាំង ដែលធ្វើឲ្យការបោះពុម្ភមានភាពយឺងយ៉ាវ។
Facebook Page ផ្លូវការរបស់លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «ក្រុមការងារសៀវភៅ» កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត" សូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ដោយសារសន្ទុះគាំទ្រ ក្នុងការមកទទួលសៀវភៅមានការកើនឡើងខ្លាំង ធ្វើឱ្យការបោះពុម្ភសៀវភៅ សម្រាប់ចែកជូនមានភាពយឺតយ៉ាវ។ ក្រុមការងារសូមធ្វើការ "ផ្អាកការផ្តល់សៀវភៅមួយរយៈខ្លី «ចាប់ពីថ្ងៃជូនដំណឹងនេះ ដើម្បីធ្វើការរៀបចំសៀវភៅឱ្យបានគ្រប់គ្រាន់ ក្រុមការងារនឹងជូនដំណឹងពីការផ្តល់ជូនឡើងវិញតាមក្រោយ»។
តែទោះជាយ៉ាងនេះក្តី ក្រុមការងារនៅបន្តការចុះឈ្មោះ ជារៀងរាល់ថ្ងៃ តាមរយៈ៖
១៖ ទទួលចុះឈ្មោះនៅទីតាំងមុខបណ្ណាល័យ ហ៊ុន សែន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
២៖ ផ្ញើសារទៅកាន់ Facebook Page: Hun Manet - C.O.Army។
សូមផ្តល់ឈ្មោះ អាសយដ្ឋាន និងលេខទូរស័ព្ទបញ្ជាក់៖
* ចំពោះអ្នករស់នៅភ្នំពេញ គឺអាចនឹងមកទទួលសៀវភៅនៅទីតាំងមុខបណ្ណាល័យ ហ៊ុន សែន សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ
* ចំពោះអ្នកនៅតាមបណ្តាខេត្ត ក្រុមការងាររៀបចំផ្ញើជូនទៅក្រោយ ព្រមទាំងផ្តល់ព័ត៌មានពីទីតាំងទទួលតាមក្រោយ
ដូចនេះសូមបងប្អូនដែលមានបំណងទទួលបានសៀវភៅនេះ សូនបន្តចុះឈ្មោះ ដើម្បីក្រុមការងារនឹងបន្តរៀបចំជូន។ ជាមួយគ្នានេះក្រុមការងារក៏សូមអធ្យាស្រ័យផងដែរ ចំពោះការយឺតយាវក្នុងការឆ្លើយតប ដោយសារបរិមាណការផ្ញើសារមានចំនួនច្រើន ក្រុមការងារនឹងខិតខំឆ្លើយតបឲ្យបានគ្រប់គ្នា។
សូមជម្រាបថា លោកបណ្ឌិត ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានប្រកាសចែកជូនសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិតថ្លៃ ដល់អ្នកដែលមានបំណងចង់អានសៀវភៅនេះ។
ការប្រកាសផ្តល់ជូនសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិតថ្លៃនេះ ធ្វើឡើងបន្ទាប់ពីមានសំណូមពរជាច្រើន ពីបងប្អូនប្រជាពលរដ្ឋ ដែលចង់បានសៀវភៅនេះ៕