(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នឹងយាងចាកចេញពីប្រទេសកម្ពុជា ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិន។
ព្រះរាជដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី០២-០៤ ខែមិថុនា ឆ្នាំ២០១៦ តបតាមការយាងរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីនៃប្រទេសចិន។ គួរបញ្ជាក់ថា ព្រះករុណា យាងព្រះរាជដំណើរចាកចេញពីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែមិថុនានេះ នឹងយាងត្រឡប់មកវិញនៅរសៀលថ្ងៃទី០៤ ខែមិថុនា ពោលគឺ២យប់ ៣ថ្ងៃ។
នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្របានបញ្ជាក់ថា នៅក្នុងឱកាសអវត្តមានរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងទទួលជួយការងាររបស់ព្រះមហាក្សត្រ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា៕