(ភ្នំពេញ)៖ «ឥឡូវក្លាយជាជនជាតិខ្មែរហើយ!» នេះជាប្រយោគដែលបន្លឺឡើងជាកិច្ចចាប់ផ្តើមក្នុងវីដេអូរបស់លោក យូរ៉ាយ (Uriah Lyford) បង្ហាញអារម្មណ៍សប្បាយរីករាយនៅពេលទទួលបានការប្រោសប្រទានពីព្រះមហាក្សត្រខ្មែរ ផ្តល់សញ្ជាតិឱ្យរូបលោក។

តាមរយៈវីដេអូដែលបានផ្សាយលើហ្វេសប៊ុក លោក យូរ៉ាយ បានអះអាងថា លោកទើបនឹងទទួលបានព័ត៌មានពីការទទួលបានសញ្ជាតិកម្ពុជា បន្ទាប់ពីលោកបានដាក់ពាក្យស្នើសុំ។ លោក យូរ៉ាយ ជាជនជាតិអាមេរិក មានភរិយាជាជនជាតិបារាំង និងមានកូនតូចពីរនាក់។

បើតាមការបញ្ជាក់នៅក្នុងវីដេអូនេះ ការទទួលបានសញ្ជាតិកម្ពុជានាពេលនេះ គឺបានតែរូបលោកប៉ុណ្ណោះ ដោយឡែកភរិយារបស់លោកមិនទាន់ទទួលបានសញ្ជាតិកម្ពុជានៅឡើយនោះទេ។

លោក យូរ៉ាយ និយាយ និងសរសេរភាសាខ្មែរបានយ៉ាងល្អបន្ទាប់ពីបានរស់នៅកម្ពុជាអស់រយៈពេលប្រមាណ ២០ឆ្នាំ។ ភរិយា និងកូនរបស់លោក ក៏អាចនិយាយភាសាខ្មែរបានខ្លះផងដែរ។

លោក យូរ៉ាយ បានបង្ហាញអារម្មណ៍ក្រោយទទួលបានសញ្ជាតិកម្ពុជាយ៉ាងដូច្នេះ «ថ្ងៃដែលខ្ញុំរង់ចាំអស់ ២០ឆ្នាំ គឺមក ដល់ហើយ។ ខ្ញុំជាជនជាតិខ្មែរ»

បុរសជនជាតិអាមេរិករូបនេះ ក៏បានសន្យាចំណាយពេលវេលាក្នុងជីវិតរបស់លោក ចូលរួមចំណែកលើកតម្កើងនូវអ្វីដែលជារបស់ខ្មែរ។ លោក យូរ៉ាយ បញ្ជាក់ដូច្នេះ «ថ្ងៃនេះជាថ្ងៃត្រេកអរមែនទែន។ ខ្ញុំសូមសន្យាថា នឹងចំណាយពេលវេលាក្នុងជីវិតរបស់លោក លើកតម្កើងនូវអ្វីដែលជារបស់ខ្មែរ»។

លោក យូរ៉ាយ បានក្រាបថ្វាយបង្គំថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គបានប្រោសព្រះរាជទានផ្តល់សញ្ជាតិជូនរូបលោក។

លោកក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ស្នើសុំសញ្ជាតិកម្ពុជា ជូនរូបលោក៕