(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៧លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួសធ្ងន់១១នាក់ និងរបួសស្រាល១០នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៤គ្រឿង រួមមានម៉ូតូចំនួន ១២គ្រឿង, រថយន្តធុនតូច១, រថយន្តធុនធំ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៤លើក, ប្រជែង២លើក, មិនប្រកាន់ស្តាំ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១០នាក់ (យប់៩នាក់)។
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៣,៦៤៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,៦៤៣គ្រឿង និងពិន័យសរុប២,០០៤គ្រឿង៕