(កណ្ដាល)៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល និងក្រុមការងារ បានចុះពិនិត្យ និងសិក្សាប្រព័ន្ធលូរំដោះចេញពីភូមិចំនួន២ ភូមិបឹងក្រចាប់ជើង និងភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ដោយពិនិត្យឃើញថា បញ្ហាទឹកលិចផ្លូវបេតុង ដោយសារតែការកកស្ទះប្រព័ន្ធលូ និងស្ថានភាពផ្លូវឋិតក្នុងទំនាប ធ្វើទឹកលិចដក់នៅលើផ្លូវជាប្រចាំនៅពេលភ្លៀងម្តងៗ។
ក្នុងនោះ លោកអភិបាលស្រុក បានឲ្យក្រុមការងារសិក្សាស្តារប្រព័ន្ធលូរំដោះទឹកចំនួន២ខ្សែ គឺស្ថិតក្នុងភូមិបឹងក្រចាប់ជើង ប្រវែង២៥០ម៉ែត្រ ទទឹង៦ម៉ែត្រ និងភូមិបឹងក្រចាប់ត្បូង ប្រវែង៤០០ម៉ែត្រ ទទឹង៤ម៉ែត្រ ដើម្បីរំដោះទឹកចេញពីភូមិ ដែលលិចដោយទឹកភ្លៀង ងាយរស់ក្នុងការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ៕