(សៀមរាប)៖ នៅព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋ ដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរេីសំណង់ខុសច្បាប់ចេញពីតំបន់រណីយដ្ឋានអង្គរ ចំនួន ប្រមាណ៩០គ្រួសារ បន្ថែមទៀត បានទៅចាប់ឆ្នោតជ្រេីសរេីសដីឡូតិ៍នៅតំបន់រុនតាឯក។ នេះបើតាមការបញ្ជាក់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការចាប់ឆ្នោតយកដីឡូតិ៍នេះ បានធ្វើឡើងនៅ សាលាខេត្តសៀមរាប ខណៈដែលកន្លងមក ការចាប់ឆ្នោតជ្រេីសរេីសឡូត៍ដីនៅភូមិធម្មជាតិរុនតាឯកនេះ មានពលរដ្ឋស្ម័គ្រចិត្ត និងគ្រប់លក្ខខណ្ឌ ជាង៩០០គ្រួសារហើយ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ឡូតិ៍ ទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ។
សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា៕