(ភ្នំពេញ)៖ ការចុះអនុស្សារណៈយោគយល់គ្នា (MOU) រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងក្រុមហ៊ុន POSCAR Digital Co., Ltd. ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង)។
MOU មានក្នុងគោលបំណងបង្កើន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ក្នុងវិស័យអប់រំរវាងភាគីទាំងពីរ តាមរយៈ៖
* ការធ្វើការរួមគ្នា ដើម្បីបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ជូនដល់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតប្រកបដោយគុណភាពខ្ពស់
* ការផ្តល់ឱកាសជូនដល់និស្សិតចុះហ្វឹកហាត់ការងារ (Practical Training) ចុះកម្មសិក្សា (Internship) និងឱកាសការងារនៅក្រុមហ៊ុន POSCAR Digital Co., LTD.
* ការប្តេជ្ញាចិត្តខិតខំសម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងភាគីទាំងពីរ។
តាមរយៈការចុះអនុស្សារណៈយោគយល់គ្នានេះ ភាគីទាំងពីរនឹងក្លាយជាដៃគូសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយគ្នា ដើម្បីធ្វើយ៉ាងណាផ្តល់ឱកាសជូនដល់និស្សិតប៊ែលធី បានសិក្សារៀនសូត្រនូវបច្ចេកវិទ្យាថ្មីៗ ទំនើបៗ ដែលជាតម្រូវការចាំបាច់របស់ពិភពលោកនាពេលបច្ចុប្បន្ន និងទៅអនាគត ដែលអាចធ្វើការប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន ផុស្ការ ឌីជីធល ជាកុ្រមហ៊ុន ឈានមុខគេក្នុងចំណោមក្រុមឌីជីធលក្នុងស្រុកដែលបាននឹងកំពុងផ្តល់វេទិការឌីជីថល (Digital Platform) ដូចជា ប្រព័ន្ធគ្រប់គ្រងសាលារៀន (School/University Management System) ប្រព័ន្ធបង្រៀនអនឡាញ (Learning Management System) ប្រព័ន្ធគ្រប់គ្រងសហគ្រាស (Enterprise Resource Planning - ERP) និងសេវាកម្មប្រឹក្សានឹងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបែបឌីជីថលផ្សេងៗទៀត ដែលឆ្លើយតបបានយ៉ាងសាកសម ជាពិសេសក្នុងកំឡុងពេល វិបត្តិដោយសារកូវីដ១៩នេះ។
ក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក មានទីតាំងនៅតំបន់ អូស៉ីអាយស៉ី អគារ ស៉ី៧ (C7) វិថីវិមានអាហារ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ៕