(ប៉េកាំង)៖ លោកប្រធានាធិបតី Xi Jinping បានជួបពិភាក្សាការងារ ជាមួយនឹងប្រតិភូបក្សពលករកូរ៉េ របស់ប្រទេសកូរ៉េខាងជើង ដែលកំពុងបំពេញដំណើរទស្សនៈកិច្ច នាទីក្រុងប៉េកាំង នៅថ្ងៃពុធនេះ។
សារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា នៅក្នុងជំនួបនោះ លោក Ri Su Yong ជាអ្នកដឹកនាំគណៈប្រតិភូ បានថ្លែងនាំសារពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ជូនចំពោះ លោក Xi។ នៅក្នុងសារនោះ លោក Kim បានបង្ហាញថា កូរ៉េខាងជើងសង្ឃឹមក្នុងការធ្វើការងារជាមួយចិន ដើម្បីពង្រឹង និងអភិវឌ្ឍទំនាក់ទំនងវប្បធម៌ទ្វេភាគី និងរក្សានូវសន្តិភាព និង ស្ថេរភាព នៅឧបទ្វីបកូរ៉េ និងតំបន់អាស៊ីឥសាន្ត។
លោក Ri ក៏បានជម្រាបជូនអំពី សមាជបក្សពលករកូរ៉េលើកទី៧ ដែលបានប្រារព្ធ ឡើងនៅដើមខែឧសភានេះ គ្រាដែលលោក Kim ត្រូវបានបោះឆ្នោតធ្វើជាប្រធានបក្សផងដែរ។ លោក Xi បានស្វាគមន៍ប្រតិភូដោយបានឲ្យដឹងថា ដំណើរទស្សនៈកិច្ចនេះ គឺជាភស្តតាងនៃ ទំនាក់ទំនង យុទ្ធសាស្ត្រប្រពៃណី រវាងបក្សនៃប្រទេសទាំងពីរ លើបញ្ហាសំខាន់ៗ។
លោក Xi រំពឹងថា ប្រជាជនកូរ៉េខាងជើង នឹងជោគជ័យឡើង នៅក្នុងវិស័យសេដ្ឋកិច្ច, ស្ថានភាពនៃការរស់នៅនិងសង្គមផងដែរ។ លោក Xi បន្តថា ជំហររបស់ចិន លើបញ្ហានៃឧបទ្វីបកូរ៉េ គឺមិនផ្លាស់ប្តូរ និងច្បាស់លាស់ ហើយបានស្នើឲ្យភាគីដែលពាក់ព័ន្ធ រក្សាភាពអត់ធ្មត់, ពង្រឹងការទំនាក់ទំនង និងពិភាក្សាគ្នា ដើម្បីរក្សាស្ថេរភាព និងសន្តិសុខក្នុងតំបន់៕