(សៀមរាប)៖ មិនមានតួលេខជាក់លាក់ទេ តែការប៉ាន់ស្មានរបស់អាជ្ញាធរ អាចមានមនុស្សប្រមាណ៥ពាន់នាក់ហើយ បានចាកចេញពីដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ នៅស្រុកបន្ទាយស្រី។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានបញ្ជាក់ថា មនុស្សប្រមាណ៥ពាន់នាក់បានចាកពីដីចម្ការនៅជើងភ្នំគូលែនរបស់លោក ខឹម វាសនា និងនៅសេសសល់ប្រមាណ១ម៉ឺននាក់ទៀត។ លោកប្រាប់ថា ថ្ងៃនេះប៉ុស្ដិ៍យាមខាងមុខដីចម្ការទាំង២កន្លែងរបស់លោក ខឹម វាសនា បានរុះរើអស់ហើយ ហើយពួកគេព្រមព្រៀមឱ្យពលរដ្ឋរំសាយការជួបជុំនៅត្រឹមថ្ងៃទី៥ ខែកញ្ញា។ បន្ថែមពីនោះ អាជ្ញាធរក៏បានចែកខិតបណ្ណផ្សព្វផ្សាយដល់ពលរដ្ឋក្នុងរោងទាំងនោះផងដែរ។
អ្វីជាការកត់សម្គាល់របស់លោកអភិបាលស្រុកបន្ទាយស្រី អ្នកដែលបន្តចាកចេញពីដីចម្ការរបស់លោក ខឹម វាសនា គឺចម្រុះគ្នា គឺចេញជាលក្ខណៈគ្រួសារ មនុស្សជំទង់ ក្មេង និងមនុស្សចាស់។ ចំណែកមនុស្សចាស់ និងកូនក្មេង មានសភាពហត់នឿយ អស់កម្លាំង ដែលតាមការសន្និដ្ឋាន ពួកគេអាចឆ្លងជំងឺតគ្នាដោយសារការរស់នៅជុំគ្នាខ្វះអនាម័យ និងគេងមិនបានគ្រប់គ្រាន់ជាដើម ព្រោះទីតាំងតូចចង្អៀត។
សូមបញ្ជាក់ថា ការរំសាយបានធ្វើឡើងក្រោយមនុស្ស៦នាក់ បានចេញសារភាពកំហុស និងទទួលស្គាល់ពីការកៀរមនុស្សទៅទីនោះ។ ពួកគេក៏បានចូលរួមសហការបញ្ឈប់ និងរំសាយការជួបជុំនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសមិនទោសពៃអ្វីនោះឡើយលើការប្រមូលផ្តុំនេះ បើមេចលនាព្រមរំសាយការជួបជុំតាមការចង់បានរបស់អាជ្ញាធរ។ សម្តេចតេជោ បានណែនាំអាជ្ញាធរត្រៀមបម្រុង និងស្បៀងដឹកពលរដ្ឋទៅលំនៅឋានពួកគេវិញផងដែរ បើពួកគេមិនមានមធ្យោបាយត្រឡប់ទៅវិញទេនោះ៕