(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំលោក គន់ សុភា អភិបាលរងខេត្ត នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងាររៀបចំមធ្យោបាយមកទទួលប្រជាពលរដ្ឋដែលជាអ្នករស់នៅក្នុងខេត្តរបស់ខ្លួន ត្រឡប់ទៅវិញ បន្ទាប់ពីចាញ់បោកលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) នៅចំការក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងវេលានោះ លោកអភិបាលរងខេត្ត ក៏បានឲ្យក្រុមកាងារចាក់ខ្សែអាត់ផ្សព្វផ្សាយការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យប្រជាពលរដ្ឋវិលត្រលប់ ទៅលំនៅដ្ឋាន និងរង់ចាំដឹកជញ្ជូនបងប្អូនទៅដល់ខ្នងផ្ទះរៀងៗខ្លួនវិញ។
លោក គន់ សុភា បានបញ្ជាក់ថា ការចោលផ្ទះ ចោលការងារមុខរបរ ចោលម៉ោង កូនចៅត្រូវសិក្សារៀនសូត្រ ដើម្បីមករស់នៅបែបនេះ មិនមែនជាការរត់គេចពីហានិភ័យនោះទេ តែកំពុងតែរត់មករកហានិភ័យទៅវិញទេ ជាពិសេស គ្រាន់តែរឿងប្រឈមនឹងការផ្ទុះឆ្លងជំងឺកូវីដ១៩ តែមួយមុខនោះ គឺវាគ្រប់គ្រាន់នឹងប្រញាប់ចាកចេញពីទីនេះបាត់ទៅហើយ នេះមិនទាន់និយាយដល់ការចូលរួមគាំទ្រសកម្មភាពដែលត្រូវបានចាត់ទុកថា ខុសច្បាប់នោះទេ។ ប្រការនេះធ្វើឲ្យខាតទាំងជីវភាព ខាតទាំងអនាគត ខាតទាំងកេរ្តិ៍ឈ្មោះមុខមាត់ សមល្មមនឹងដល់ពេលបែរងាកក្រោយ ហើយហ៊ានទទួលស្គាល់ការពិត និងវិលទៅរកផ្លូវត្រូវវិញ។
បន្ថែមលើនោះ ក្រុមការងារខេត្តកំពង់ចាម ក៏បានផ្សព្វផ្សាយពន្យល់ណែនាំថា ការចុះមកទទួលបងប្អូនប្រជាពលរដ្ឋនាពេលនេះ មិនមានការបង្ខិតបង្ខំ មិនឲ្យជឿលើជំនឿផ្ទាល់ខ្លួនណាមួយនោះទេ ហើយក៏មិនមានហាមឃាត់ មិនឲ្យជួបជុំខាងផ្នែកនយោបាយនោះដែរ តែអ្វីៗធ្វើឡើងត្រូវស្ថិតនៅក្នុងរង្វង់ នៃក្របខណ្ឌច្បាប់ ហើយដាច់ខាតមិនត្រូវប៉ះពាល់ ទៅដល់សន្តិសុខសណ្តាប់សង្គម និងសុវត្ថិភាពសាធារណៈឡើយ។
សូមបញ្ជាក់ថា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋដែលមកជួបជុំគ្នា ជាមួយលោក ខឹម វាសនា នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀបរាម មានចំនួន១,៥៣៣នាក់ ដែលបានចេញមកខាងក្រៅ ក្នុងនោះក៏មានប្រជាពលរដ្ឋខេត្តកំពង់ចាម មួយចំនួនផងដែរ៕