(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះសំណេះសំណាល សាកសួរសុខទុក្ខ និងពិភាក្សាការងារមួយចំនួន ជាមួយលោក-លោកស្រីចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីសង្កាត់ ព្រមទាំងលោក-លោកស្រី ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ នៅសង្កាត់អូរឬស្សីទី១, សង្កាត់អូរឬស្សីទី៣, សង្កាត់អូរឬស្សីទី៤ និងសង្កាត់មនោរម្យ។
ក្រៅពីការពាំនាំនូវការសួរសុខទុក្ខ និងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះមន្ត្រីរាជការទាំងអស់ លោក ថេង សុថុល ក៏បានលើកទឹកចិត្ត និងណែនាំឱ្យ លោក-លោកស្រី ចៅសង្កាត់ទាំងអស់ បន្តខិតខំអនុវត្តការងារបន្ថែមទៀត ជាពិសេសការផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដោយឈរលើស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងខ្ពស់ និងចេះជួយសហការគ្នាស្រឡាញ់គ្នា ដូចបងប្អូនក្នុងក្រុមគ្រួសារតែមួយ។
លោកអភិបាលខណ្ឌ ក៏បានបង្ហាញក្តីសង្ឃឹម និងជឿជាក់ទៅលើសមត្ថភាពរបស់លោក លោកស្រី នៃសង្កាត់ទាំង៤ នៃខណ្ឌ៧មករា ទាំងអស់ ពោលគឺចាប់ពីមន្ត្រី ថ្នាក់ក្រោមរហូតដល់ថ្នាក់សង្កាត់ ដោយប្រើកណ្ដាប់ដៃដែក ក្នុងការខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដែលថ្នាក់លើដាក់ឱ្យទទួលបានជោគជ័យផងដែរ៕