(ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវបំពេញការងាររបស់ខ្លួនប្រកបដោយសីលធម៌ វិជ្ជាជីវៈ ជៀសវាងការប្រើប្រាស់នូវពាក្យពេចមិនសមរម្យ ឬឈានដល់ការប្រើប្រាស់ពាក្យជេរប្រមាថ នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដែលនាំឲ្យអាប់ឱនដល់កិត្តិយសបុគ្គល និងអ្នកសារព័ត៌មានដទៃទៀត។
ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងព័ត៌មាន» អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវសិក្សាឲ្យបានស៉ីជម្រៅ និងយល់ឲ្យបានច្បាស់នូវច្បាប់ស្ដីពីរបរសារព័ត៌មាន ដែលមានចែងអំពីសិទ្ធិ តួនាទី ភារកិច្ចរបស់ខ្លួន។
លោក មាស សុភ័ណ្ឌ បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមក្រសួងព័ត៌មាន ខ្ញុំសូមអំពាវនាវជាថ្មីម្ដងទៀត ក៏ដូចជាលើកទឹកចិត្តបងប្អូនអ្នកសារព័ត៌មាន ដែលកំពុងបំពេញតួនាទីភារកិច្ច ជាអ្នកសារព័ត៌មាននៅក្នុង ប្រទេសកម្ពុជា ធ្វើយ៉ាងណាត្រូវគោរពឲ្យបាននូវក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ត្រូវមើលឲ្យបានស៉ីជម្រៅ និងយល់ឲ្យបានច្បាស់នូវច្បាប់ស្ដីពីរបរសារព័ត៌មាន ដែលមានចែងអំពីសិទ្ធិ តួនាទី ភារកិច្ចរបស់យើងក្នុងកម្រិតណា»។
លោកបានបន្ដទៀតថា គ្មានអ្នកអាចរក្សាតម្លៃវិជ្ជាជីវៈអ្នកសារព័ត៌មានឲ្យមានតម្លៃ ឲ្យមានការទទួលស្គាល់ ឲ្យមានសេចក្ដីថ្លៃថ្នូរ ឲ្យមានជំនឿទុកចិត្តពីអ្នកស្ដាប់សាធារណៈជន ក្រៅពីអ្នកសារព័ត៌មានខ្លួនឯងនោះទេ ដូច្នេះដើម្បីឲ្យតម្លៃនេះសមស្រប ដែលអ្នកសារព័ត៌មានតែងប្រសិទ្ធនាមខ្លួនឯងថា «សារព័ត៌មានជាអំណាចទី៤» ឬជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពសង្គម លុះត្រាតែអ្នកសារព័ត៌មានជាកញ្ចក់មួយដែលភ្លឺស្អាត។
មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានទទួលស្គាល់ថា បច្ចុប្បន្ននៅមានអ្នកសារព័ត៌មានមួយចំនួនតូច បំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវនោះទេ ខណៈកន្លងមកនេះ ក្រសួងព័ត៌មានបានអនុវត្តនូវវិធានការប្រកបដោយភាពបត់បែន ដោយមានទាំងការអប់រំណែនាំ និងឈានដល់ការដកអាជ្ញាប័ណ្ណផងដែរ។
សូមជម្រាបថា កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំទៅកាន់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ត្រូវពិនិត្យ ឬឈានដល់បិទអាជ្ញាប័ណ្ណចោលនូវប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលប្រើប្រាស់នូវពាក្យជេរប្រមាណអ្នកដទៃ។
ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្រោយក្រសួងព័ត៌មាន បានបិទចោលនូវអាជ្ញាប័ណ្ណសារព័ត៌មានរបស់លោក សាន្ដ ប៊ុនធឿន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីលោក សាន្ដ ប៊ុនធឿន បានឡាយតាមរយៈទំព័រព័ត៌មានរបស់ខ្លួនប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថអ្នកដទៃ៕