(ព្រះសីហនុ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងសមត្ថកិច្ចម្រុះ បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ដោយបានចាប់ខ្លួនជនជាតិចិន១នាក់ និងរឹបអូសគ្រឿងញៀនជាង១០០គីឡូក្រាម។

ប្រតិបត្តិការនេះធ្វើឡើងនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យិន បញ្ញារិទ្ធ លោកឧត្តមសេនីយ៍ទោ អ៉ិន សុង លោកវរសេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍនៈ នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ឌុក មករា នាយការិយាល័យ ក៩ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ខេត្តស្ទឹងត្រែ និងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពីលោក ទី សុវិនថាល លោក ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាបនៅចំណុចខាងលើ។

ប្រភពបានបន្តថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានឃាត់បានជនសង្ស័យ១នាក់ ឈ្មោះTU SUERONG អាយុ៣៦ឆ្នាំ ជាជនជាតិចិន។ វត្ថុតាងចាប់យកបាន មានកេតាមីន (KETAMINE) ១០០ដុំ ស្មើទម្ងន់១០០.៨គីឡូក្រាម រថយន្ត១គ្រឿង ទូរសព្ទ័ដៃ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានបញ្ជូនទៅស្នងការនគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿងបន្តទៅសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី៕