(ភ្នំពេញ)៖ ក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានប្រារព្ធនូវកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៃប្រព័ន្ធគណនេយ្យអនឡាញ «វិធាន»។ ក្រុមហ៊ុន សង្ឃឹមថា ស្នាដៃខ្មែរមួយនេះ នឹងនាំនូវមោទនភាពថ្មីមួយទៀត ដល់យើងគ្រប់គ្នាក្នុងសម័យកាលឌីជីថល ហើយនឹងក្លាយជាចំណែកយ៉ាងសំខាន់មួយក្នុងការរុញច្រានសហគ្រាសធុនតូច និងមធ្យម លើការគ្របគ្រងហិរញ្ញវត្ថុរបស់ខ្លួន ឲ្យកាន់តែមានភាពងាយស្រួលនឹងប្រសើរឡើង។
«វិធាន» ជាផលិតផលថ្មីបែបប្រព័ន្ធគណនេយ្យអនឡាញ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក ដែលប្រើប្រាស់បទពិសោធន៍រួម រវាងក្រុមកាងារជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងក្រុមកាងារជំនាញផ្នែកអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ ក្នុងទីផ្សារជាតិ និងអន្តរជាតិជាង ២០ឆ្នាំ។
កម្មវិធីសម្ពោធបានប្រព្រឹត្តទៅនៅក្រុមហ៊ុន ផុស្ការ ឌីជីថល អគារ 3E:Fii ផ្លូវវិមានអាហារ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមពី៖
* អ្នកអង្គម្ចាស់ ស៉ីសុវត្ថិ ចក្រការា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក និងជាអ្នកឯកទេសផ្នែកហិរញ្ញវត្ថុជាន់ខ្ពស់ (CFA) និងបានគ្រប់គ្រងការវិនិយោគនៅប៉ែកអាស៉ី
* លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព
* កញ្ញា ហេង សិតា នាយកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក. និងជាសហស្ថាបនិក ដៃគូគ្រប់គ្រងនៃក្រុមហ៊ុន Fii&Associate
* អ្នកស្រី ស៊ុំ ស៉ីផា អគ្គនាយិកា ក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក.
* លោក ងន់ ម័រ ស្ថាបនិកក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក.
* និងភ្ញៀវកិត្តិយសជាច្រើនអ្នកទៀត។
ក្នុងឱកាសចូលរួមជាវាគ្មិនពិសេស លោក ជា កុកហុង មានចំណាប់អារម្មណ៍ថា ការប្រើប្រាស់បច្ចេកវិទ្យាបានក្លាយជាផ្នែកដ៏សំខាន់មួយនៅគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត និងនិន្នាការឆ្ពោះទៅរកបច្ចេកវិទ្យា ដែលកំពុងបង្កើនល្បឿនលើសពីការរំពឹងទុក។ ស្របពេលជាមួយគ្នានេះផងដែរ ជំងឺរាតត្បាតសកលកូវីដ១៩ បានរុញច្រានកំណើនយ៉ាងគំហុកនៅក្នុងការប្រើប្រាស់ ឌីជីថល ហើយយើងសង្កេតឃើយថា ក្រុមហ៊ុនក្នុងស្រុកមួយចំនួនបានទាញយកអត្ថប្រយោជន៍ពីការរីកចម្រើនយ៉ាងឆាប់រហ័សនេះ តាមរយៈបច្ចេកវិទ្យារបស់ខ្លួន ដោយពង្រីកវិសាលភាពនៃការបម្រើសេវាកម្មរបស់ខ្លួនទៅក្នុងទីផ្សារផងដែរ។
លោកស្រី ស៊ុំ ស៉ីផា បានលើកឡើងពីឆន្ទៈពិតប្រាកដរបស់ ក្រុមហ៊ុន ផុស្ការ និង Fii&Associates ក្នុងការបង្កើតប្រព័ន្ធគណនេយ្យអនឡាញ វិធាន ដោយការសំយោគចេញពីបទពិសោធបច្ចេកវិទ្យា គណនេយ្យ ហិរញ្ញវត្ថុ និងការគ្រប់គ្រងអាជីវកម្មជាក់ស្តែងក្នុងទីផ្សារជាង ២០ឆ្នាំ។ អ្វីដែលពិសេសនោះ គឺ វិធាន មានមុខងារសំខាន់ៗ គ្រប់យ៉ាងក្នុងការគ្រប់គ្រងបញ្ជីគណនេយ្យ សាមញ្ញ និងងាយស្រួលប្រើ ស្របតាមតម្រូវការក្នុងស្រុក និង មានច្រើនភាសា គឺខ្មែរ អង់គ្លេស និងចិន។
ជាការពិតណាស់ លក្ខណៈពិសេសនៃប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាញ មិនត្រឹមតែជួយការងារគ្រប់គ្រងបញ្ជីការបានងាយស្រួលរហ័សប្រកបដោយភាពជឿជាក់ប៉ុណ្ណោះទេ តែវាក៏អាចផ្ដល់ការសម្រេចចិត្តទាក់ទងនឹងស្ថានភាពអាជីវកម្ម និងហិរញ្ញវត្ថុ ពីគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា តាមរយៈ ថេប្លេត ឬកុំព្យូទ័របានដែរ។ វិធាន មានមុខងារសំខាន់ៗ គ្រប់យ៉ាងក្នុងការគ្រប់គ្រងបញ្ជីគណនេយ្យរបស់អ្នក សាមញ្ញ និងងាយស្រួលប្រើ ស្របតាមតម្រូវការក្នុងស្រុក និងមានជំនួយបច្ចេកទេសនៅជិតលោកអ្នក មានច្រើនភាសា។
គួរឲ្យដឹងថា ក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក ជាកុ្រមហ៊ុន ឈានមុខគេក្នុងចំណោមក្រុមឌីជីធលក្នុងស្រុកដែលបាននឹងកំពុងផ្តល់វេទិកាឌីជីថល (Digital Platform) ដូចជា ប្រព័ន្ធគ្រប់គ្រងសាលារៀន (School/University Management System) ប្រព័ន្ធបង្រៀនអនឡាញ (Learning Management System) ប្រព័ន្ធគ្រប់គ្រងសហគ្រាស (Enterprise Resource Planning - ERP) និងសេវាកម្មប្រឹក្សា និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងបែបឌីជីថលផ្សេងៗទៀត ដែលឆ្លើយតបបានយ៉ាងសាកសម ជាពិសេសក្នុងកំឡុងពេលវិបត្តិដោយសារកូវីដនេះ៕