(ភ្នំពេញ)៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលកើតចេញពីក្រុមអង្គការសង្គមស៊ីវិល នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ បានអំពាវនាវឱ្យគណបក្សដែលមានអសនៈនៅក្នុងរដ្ឋសភាទាំងពីរជួបចរចាគ្នា ដើម្បីដោះស្រាយបញ្ហានយោបាយនៅក្នុងប្រទេស។
សេចក្តីថ្លែងការណ៍មួយ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដឹកនាំដោយ លោក យ៉េង វីរៈ ដែល Fresh News ទទួលបាននៅរសៀលនេះ បានឱ្យដឹងថា គណបក្សនេះ បានសម្តែងការព្រួយបារម្ភអំពីហិង្សាលើពលរដ្ឋស្លូតត្រង់ ជាអ្នកគាំទ្រគណបក្សនយោបាយ ដែលអាចកើតឡើងពីរលកកម្តៅនយោបាយ ហើយថាកម្តៅនយោបាយនេះ នឹងប៉ះពាល់ដល់ ភាពយុត្តិធម៌ ក្នុងការបោះឆ្នោតឆ្នាំ២០១៧-២០១៨ និងការរស់នៅរបស់ ប្រជាពលរដ្ឋ ដំណើរការសេដ្ឋកិច្ច និងការវិនិយោគទុនបរទេស។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជំរុញឱ្យគណបក្សនយោបាយ គូវិវាទទាំងពីរជួបចរចាគ្នា ស្វែងរកដំណោះស្រាយនយោបាយប្រកបដោយសន្តិវិធី ជៀសវាងការធ្វើទុក្ខបុកម្នេញគ្នាតាមផ្លូវតុលាការ និងការប្រើកម្លាំងមហាជន។ ការបន្តវប្បធម៌ នយោបាយបែបវិវាទគ្នានេះ មិនមែនជាគំរូល្អសម្រាប់ប្រជាជាតិនោះទេ»។
កន្លងទៅ គណបក្សសង្រ្គោះជាតិ បានស្នើចរចាដោះស្រាយបញ្ហានយោបាយរួចទៅហើយ ក៏ខណៈដែល គណបក្សប្រជាជនទាមទារឱ្យបង្ហាញរបៀបវារៈជាមុនសិន។ មន្រ្តីគណបក្សប្រជាជន បានអះអាងនាពេលកន្លងមកថា គណបក្សនឹងមិនអាចធ្វើអ្វីកើតឡើង បើសិនជាគណបក្សសង្រ្គោះជាតិ ដាក់បញ្ចូលរបៀបវារៈអំពីរឿងបុគ្គល និងច្បាប់៕