(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានជំរុញ និងណែនាំដល់នាយអាវុធហត្ថ នាយរងអាវុធហត្ថ ពលអាវុធហត្ថគ្រប់រូប ត្រូវបន្តយកចិត្តទុកដាក់បង្រ្កាប បទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ នៅតាមមូលដ្ឋានឈរជើងរបស់ខ្លួនឱ្យមានប្រសិទ្ធិភាពខ្ពស់ ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន។
ការថ្លែងជំរុញ ណែនាំ និងដាក់បទបញ្ជារបស់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើឡើងនៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីបំពាក់ឋានន្តរស័ក្តិជូនយោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយមានការចូលរួមពីមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថ ក្រុង ស្រុក ជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានថ្លែងប្រាប់នាយអាវុធហត្ថ និងពលអាវុធខេត្តព្រះវិហារ ពីសភាពការណ៍ទូទៅ ដែលកើតមានឡើងនៅក្នុងខេត្តព្រះវិហារ នាពេលកន្លងមក ពិសេសសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ គឺកម្លាំងកងរាជរាជអាវុធហត្ថខេត្តរបស់យើង បាននាំគ្នាយកចិត្តទុកដាក់ខ្ពស់ ចូលរួមការពារ ទប់ស្កាត់ បានយ៉ាងល្អប្រសើរ ស្របតាមបទបញ្ជាររបស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាបទបញ្ជារបស់លោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានជំរុញ ណែនាំ ដល់នាយអាវុធហត្ថ និងពលអាវុធហត្ថគ្រប់រូប ពិសេសអាវុធហត្ថដែលទទួលបានការបំពាក់ឋានន្តរៈសក្កិនៅពេលនេះ ត្រូវយកចិត្តទុកដាក់ អនុវត្តន៍តួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ ពិសេសត្រូវយកចិត្តទុកដាក់បង្រ្កាបបទល្មើសនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធិភាព រួមមាន៖បទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ក៏ដូចជាបទល្មើសធនធានធម្មជាតិ។
សូមបញ្ជាក់ថា យោធិន នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលត្រូវបំពាក់ឋានន្តរស័ក្តិនៅពេលនេះមានចំនួន១៥នាក់ ក្នុងនោះថ្នាក់វរសេនីយ៍ទោ ចំនួ០៤នាក់ និងថ្នាក់វរសេនីយ៍ត្រី ចំនួន១១នាក់ផងដែរ៕