(ភ្នំពេញ)៖ និយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និង បទប្បញ្ញត្តិពាក់ព័ន្ធ» សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ តាមប្រព័ន្ធអនឡាយ (ZOOM)។
សិក្ខាសាលានេះប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យ និងសវនកម្ម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិង មន្ត្រីនៃនិយ័តករគណនេយ្យ និងសវនកម្មព្រមទាំងវត្តមានរបស់សិក្ខាកាម តំណាងសហគ្រាសនិងអង្គភាព មិនស្វែងរកប្រាក់ចំណេញ ប្រមាណសរុបចំនួន៥២០នាក់ ក្នុងគោលបំណងផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ។
លោកអគ្គនាយកបានសម្ដែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់អង្គសិក្ខាសាលា ទាំងមូល ព្រមទាំងបានថ្លែងសុន្ទរកថាបើកកម្មវិធីដោយ បានលើកឡើងអំពី សារបាននៃនិយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងបានបន្ថែមថា នៅក្នុងឆ្នាំ ២០២១ និង២០២២ នេះ ន.គ.ស. បានរៀបចំសិក្ខាសាលា ជូនដល់តំណាងសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញជាច្រើនលើក ទាំងដោយផ្ទាល់និងទាំងតាមប្រព័ន្ធអនឡាញ ស្របតាមផែនការ និងតាមការណែនាំ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងគោលដៅបញ្រ្ជាបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ និងច្បាស់លាស់អំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ជូនដល់ម្ចាស់សហគ្រាស ប្រធានអង្គភាពមិនស្វែងរកប្រាក់ចំណេញនិងសាធារណៈជន។
លោកអគ្គនាយក បានលើកឡើងនូវការលើកកម្ពស់កំណើន និងថែរក្សាចីរភាពនៃកំណើនសេដ្ឋកិច្ច របស់ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត គោលនយោបាយ កម្មវិធីកំណែទម្រង់ជាច្រើនព្រមទាំងច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ក្នុងគោលដៅលើកកម្ពស់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យរឹងមាំ និងជានិរន្តន៍ដែលធានាកម្រិតជីវភាព និងសុខដុមភាពរបស់ប្រជាជនឱ្យប្រសើរឡើងជាលំដាប់។ វិស័យវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ក៏បានចូលរួមចំណែកក្នុងតួនាទីដ៏សំខាន់នេះដែរ និងជារបៀបវារៈអាទិភាពនៅក្នុងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងបានក្លាយជាវិស័យមួយដែលមានសារៈសំខាន់ក្នុងការទ្រទ្រង់ និងលើក ស្ទួយវិនិយោគ និងធុរកិច្ចតាមរយៈការកសាងហេដ្ឋា រចនាសម្ព័ន្ធហិរញ្ញវត្ថុ និងប្រព័ន្ធគណនេយ្យមួយដែលរឹងមាំនិងអាចជឿទុកចិត្តបានដែលផ្តើមចេញពីការកសាងមូលដ្ឋានគ្រឹះ សម្រាប់ការចុះកិច្ចបញ្ជិ កាគណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការដាក់របាយការណ៍ហិរញ្ញវត្ថុ ឱ្យរងសវនកម្មឯករាជ្យ។
លោកអគ្គនាយកបានបន្ថែមថាបច្ចុប្បន្នច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួនត្រូវបានដាក់ឲ្យអនុវត្ត ដែលមានជាអាទិ៍៖
១៖ ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ឆ្នាំ២០១៦
២៖ អនុក្រឹត្យស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម
៣៖ ប្រកាសស្តីពីកាតព្វកិច្ចដាក់របាយការណ៍ឲ្យរងសវនកម្មឯករាជ្យ
៤៖ ប្រកាស និងសារាចរណែនាំ មួយចំនួនទៀត។
លោកអគ្គនាយក បានគូសបញ្ជាក់ផងដែរថា អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវកម្ម បង្កើតឡើងឱ្យមានកាតព្វកិច្ចចំនួន៣ គឺ៖ កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ច រៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ស្របតាមលក្ខខណ្ឌតាមច្បាប់កំណត់។
លើសពីនេះ លោកអគ្គនាយក ក៏បានបន្ថែមថា “ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន និងការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ តាមលក្ខខណ្ឌតាមច្បាប់កំណត់ គឺជាកាតព្វកិច្ចរបស់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលកំណត់ដោយច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម។ ប៉ុន្តែនិយ័តករគណនេយ្យ និងសវនកម្មចង់ឱ្យ សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញបង្វែរកាតព្វកិច្ចទាំងនេះទៅជាវប្បធ៌មវិញ គឺវប្បធ៌មកាន់បញ្ជីគណនេយ្យ វប្បធ៌មរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដា ជាធរមាន និងដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។
លោកអគ្គនាយក បន្ថែមទៀតថាវត្តមាននៃច្បាប់ និងលិខិតបទដ្ឋាន ព្រមទាំងវិធានពាក់ ព័ន្ធសម្រាប់គ្រប់គ្រង វិស័យគណនេយ្យនិងសវនក ម្មមិនមែន ជាការដាក់កំហិត ការកំណត់ព្រំដែនឬឧបករណ៍គៀបសង្កត់របស់រាជរដ្ឋាភិបាល ចំពោះការរកទទួល ទានរបស់ធុរជន និងវិនិយោ គិននោះទេ តែផ្ទុយទៅវិញច្បាប់ និងលិខិតបទដ្ឋានទាំងអស់នោះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជា៖ សម្រាប់វិស័យឯកជន បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការទទួលបានមូលធន និងធ្វើវិភាជន៍មូលធនប្រកប ដោយប្រសិទ្ធភាព,បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងក្រុមហ៊ុន និងបង្កើនជំនឿទុកចិត្តរបស់ម្ចាស់ហ៊ុនលើការគ្រប់គ្រង, សម្រួលដល់ក្រុមហ៊ុនក្នុងការបង់ពន្ធដារ សម្រាប់សេដ្ឋកិច្ចជាតិ និងរាជរដ្ឋាភិបាល ជួយគាំទ្រដល់ការរីកចំរើននៃសេដ្ឋកិច្ចជាតិ និងធានាចិរភាពនៃកំណើនសេដ្ឋកិច្ច និងបង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរនៅកម្ពុជា, ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងការពារវិនិយោគិន, រួមចំណែកជម្រុញឱ្យទីផ្សារមូលបត្រមានភាពរឹងមាំនិងចិរភាព, បង្កើតការងារជូនប្រជាពលរដ្ឋ, ជួយបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធ។
មុននឹងបញ្ចប់ លោកអគ្គនាយក បានស្នើសុំឱ្យសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ អនុវត្តកាតព្វកិច្ចតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធអោយបានហ្មត់ចត់ និងអនុវត្តកាតព្វកិច្ចទាំងនេះបានត្រឹមត្រូវ និងចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់វាគ្មិន និងអាចលើកឡើងនូវសំណួរពាក់ព័ន្ធនានាក្នុងន័យស្ថាបនា ជូនទៅវាគ្មិនដើម្បីឆ្លើយតប និងបំភ្លឺជូនតាមការចាំបាច់។
ក្នុងនោះផងដែរ វាគ្មិននៃនិយ័តករគណនេយ្យ និងសវនកម្ម បានធ្វើបទបង្ហាញស្តីពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងទិដ្ឋភាពទូទៅនៃស្តង់ដាគណនេយ្យ៕