(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីបញ្ហាសុខភាពប្រជាពលរដ្ឋជាចម្បង និងបានណែនាំដល់គ្រូពេទ្យត្រូវយកចិត្ដទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ពិសេសអ្នកជំងឺក្រីក្រ និងមានពិការភាព។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ដូច្នេះបច្ចុប្បន្ននេះ ក្រសួងបាននឹងកំពុងសាងសង់ អគារមន្ទីរពេទ្យថ្មីៗ និងបំពាក់នូវឧបករណ៍ទំនើបៗជាច្រើន ទាំងនៅថ្នាក់កណ្តាល ទាំងនៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមកទទួលសេវា នៅតាមមន្ទីរពេទ្យនានា»

ជាក់ស្ដែងនៅចុងឆ្នាំ២០២២នេះ អគារថ្មីកម្ពស់៨ជាន់នៃមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ពិនិត្យព្យាបាលជំងឺទូទៅ នឹងសាងសង់រួចជាស្ថាពរ និងអគារថ្មីមួយទៀតនៃមន្ទីរពេទ្យកុមារជាតិកម្ពស់៤ជាន់ បានសាងសង់រួចរាល់ គ្រោងនឹងដាក់សម្ពោធនៅពេលឆាប់ៗខាងមុខនេះៗ។ អគារមន្ទីរពេទ្យថ្មីទាំងពីរនេះ ក្រោមការឧបត្ថម្ភផ្ទាល់ពីរាជរដ្ឋាភិបាល។

លើសពីនោះ អគារថ្មីមួយចំនួនទៀត ក៏កំពុងសាងសង់ផងដែររួមមាន៖ អគារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកាល់ម៉ែត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងអគារមន្ទីរពេទ្យនៅតាមបណ្តាខេត្តមួយចំនួនដូចជា នៅខេត្តប៉ៃលិន ត្បូងឃ្មុំ មណ្ឌលគិរី រតនគិរី និងតាមបណ្តាខេត្តផ្សេងៗទៀត។

ការថ្លែងបែបនេះ របស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសចុះពិនិត្យមើលអគារពហុព្យាបាលកម្ពស់ ៨ជាន់ នៅមន្ទីរពេទ្យព្រះអង្គឌួង និងអគារ៤ជាន់ នៅមន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ។

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបន្តថាទៀតថា ទន្ទឹមនឹងការពង្រីកអគារមន្ទីរពេទ្យឧបករណ៍បរិក្ខាពេទ្យទំនើបៗ ក្រសួងក៏ត្រូវបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់វិស័យសុខាភិបាលនាពេលថ្មីៗនេះ ពិសេសឆ្លើយតបទៅនឹងការរកចម្រើនរបស់ពិភពលោកផងដែរ។

លោករដ្ឋមន្ត្រីគូសបញ្ជក់ថា «យើងនឹងខិតខំបញ្ចប់ការសាងសង់អគារមន្ទីរពេទ្យទាំងនោះ នៅឆ្នាំ២០២៣ខាងមុខ ខណៈអគារមន្ទីរពេទ្យកម្ពស់ ៨ជាន់ នៅមន្ទីរពេទ្យព្រះអង្គឌួង គ្រោងនឹងសាងសង់រួចរាល់នៅចុងឆ្នាំនេះ ក្នុងការជួយសម្រួលដល់អ្នកជំងឺ ដោយក្នុង១ថ្ងៃមានអ្នកជំងឺមកពិនិត្យជំងឺទាំងអ្នកក្រីក្រ ពិការភាព កម្មកររោងចក្រ និងប្រជាពលរដ្ឋទូទៅប្រមាណ ១៦០០ ទៅ១៧០០នាក់»

លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានឱ្យដឹងថា អគារកម្ពស់ ៨ជាន់នេះ បានសាងសង់កាលពីខែមេសា ឆ្នាំ២០២១ មកដល់ពេលនេះសម្រេចការសាងសង់បាន៩០ភាគរយ ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក ជាថវិការបស់រាជរដ្ឋាភិបាល។

លោកបានបន្តថា នៅពេលសាងសង់អគារបានរួចរាល់ មន្ទីរពេទ្យមានគ្រែកើនឡើងដល់ទៅ៧៣០គ្រែ និងក្លាយជាមន្ទីរពេទ្យរដ្ឋមួយទំនើប ក្នុងចំណោមមន្ទីរពេទ្យរដ្ឋផ្សេងៗទៀត ពិសេសជួយក្នុងការសម្រួលដល់ការសម្រាកព្យាបាលជំងឺ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីរពេទ្យឱ្យបានកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

ជាមួយគ្នានោះ នាយកមន្ទីរពេទ្យកុមារជាតិ លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស បានថ្លែងឱ្យដឹងផងដែរថា អគារមន្ទីរពេទ្យថ្មី កម្ពស់៤ជាន់ ចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២១ ហើយបញ្ចប់ការសាងសង់នៅឆ្នាំ២០២២នេះ ដែលពេលនេះកំពុងដាក់ពិនិត្យព្យាបាលអ្នកជំងឺបណ្ដើរៗហើយ ដែលគ្រោងដាក់សម្ពោធនៅពេលឆាប់ខាងមុខនេះ។ អគារថ្មីនេះ អាចដាក់អ្នកជំងឺបានជាង៩០គ្រែ ចំណាយថវិកាសរុបជិត៣លានដុល្លារអាមេរិក ជាថវិការបស់រាជរដ្ឋាភិបាល៕