(ឥណ្ឌូនេស៊ី)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលនៃក្រុមប្រទេស G20 ដែលបានរៀបចំឡើងនៅក្នុងទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។
ក្នុងឱកាសនៃកិច្ចប្រជុំនោះ លោក Johnny Gerard Plate រដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍និងបចេ្ចកវិទ្យាព័ត៌មាន នៃប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលនៃក្រុមប្រទេស G20 ឆ្នាំ២០២២នេះ បានជួបពិភាក្សា និងរាយការណ៍ជូន រដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្នុងនាមដែលប្រទេសកម្ពុជា ជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២២ ស្តីពីលទ្ធផលកិច្ចពិភាក្សាលើសេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចឌីជីថលនៃក្រុមប្រទេស G20 ដែលមានខ្លឹមសារសំខាន់ៗចំនួន ៣ រួមមាន៖ (១) ការតភ្ជាប់ (Connectivity) (២) អក្ខរកម្ម និងជំនាញឌីជីថល (Digital Skill and Literacy) និង (៣) លំហូរទិន្នន័យ (Data Flow)។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានជួបពិភាក្សាការងារក្នុងក្របខណ្ឌទ្វេភាគីជាមួយប្រទេសជប៉ុន សិង្ហបុរី និង UNESCAP។
លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំរបស់ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយជោគជ័យ៕