(កំពង់ធំ)៖ លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានអំពាវនាវប្រជាពលរដ្ឋចូលរួមដាំកូនឈើឱ្យបានច្រើនដើម្បីទប់ស្កាត់ការបម្រែប្រួលអាកាសធាតុ។

លោក គៀង សេងគី បានថ្លែងនៅក្នុងពិធីដាំកូនឈើប្រណិតនៅសាលាបឋមសិក្សាកំពង់គោក្រោម នៅឃុំកំពង់គោស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ កម្មវិធីនេះមានការរៀបចំគាំទ្រពីអង្គការ យុវតារាកម្ពុជា (youth star Cambodia) អង្គការអេកសិន អេដយូខេសិន (Action Education) អង្គការអេដយូខេត អឹឆាល (Educate A Child ) និងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ។

តំណាងអង្គការយុវតារា បានលើកឡើងថា ការរៀបចំឱ្យមានពិធីដាំកូនឈើនេះឡើង ក្នុងគោលបំណងកៀរគរសហគមន៍ចូលរួមគាំទ្រការអប់រំបាត់បង់ឱកាស (កុមារក្រៅសាលា) បំផុសស្មារតីការដាំដើមឈើឡើងវិញ បណ្តុះគំនិត ថែរក្សា ការពារស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ និងមួយវិញទៀត ដើម្បីកែលម្អលើកកម្ពស់សោភ័ណភាព ក្លាយជាតំបន់បរិស្ថានបៃតងក្នុងសាលារៀន ក្នុងការទាក់ទាញអារម្មណ៍កុមារឲ្យមកសិក្សារៀនសូត្រ ពិសេសអង្គការយុវតារាបានបញ្ជូនយុវជនស្ម័គ្រចិត្តឲ្យមកបំពេញការងារនៅក្នុងឃុំកំពង់គោចំនួន៣នាក់ដើម្បីចងក្រងសិស្សដែលនៅក្រៅសាលាមកសិក្សារៀនសូត្រឡើងវិញ។

លោក គៀង សេងគី បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានចូលរួមដាំកូនឈើក្នុងការទប់ស្កាត់ ដោយថ្លែងថា «ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែការប្រែប្រួលបរិស្ថានជុំវិញខ្លួនយើងទេ ប៉ុន្តែវាអាចបណ្តាលឲ្យប៉ះពាល់សុខភាពយើងដែរ តាមរយៈការកើនឡើងកម្ដៅ ខ្យល់មិនបរិសុទ្ធ ទឹកមិនស្អាតជាដើម»។

លោកបន្តថា ព្រៃឈើមានតួនាទីសំខាន់ណាស់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ហើយដើមឈើនេះជាសម្បត្តិធម្មជាតិដ៏មានតម្លៃបំផុត ជាអាយុជីវិត មនុស្ស សត្វ ដែលបានផ្តល់នូវពហុប្រយោជន៍មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិ មានតម្លៃខាងសេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសជួយរក្សានូវលំនឹងបរិស្ថានធម្មជាតិ ធ្វើឲ្យធាតុអាកាសមានភាពកាន់តែល្អប្រសើរ។

លោកអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមថែរក្សា ស្រលាញ់ធម្មជាតិ ដែលជាកោសិកានៃសង្គម ត្រូវមានភារកិច្ចចូលរួមថែរក្សាបរិស្ថានឲ្យបានល្អ ដើម្បីភាពរស់នៅប្រកបដោយផាសុកភាព និងសុខភាពល្អប្រសើរ ហើយក្នុងថ្ងៃអនាគតដ៏ខ្លីខាងមុខទីកន្លែងនេះ នឹងអាចក្លាយជាកន្លែងមួយល្អសម្រាប់សម្រាកលម្ហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ បំបាត់អស់ភាពនឿយណាយ អារម្មណ៍តានតឹង និងជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរលោក គៀង សេងគី បានអំពាវនាវមាតាបិតាចូលរួមអប់រំកូនៗរបស់ខ្លួននៅតាមផ្ទះបញ្ជូនកូនមករៀនឲ្យបានចប់កម្រិតថ្នាក់មូលដ្ឋាន ជួយតាមដានការសិក្សារបស់កូនអប់រំឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ៕