(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ និងជាប្រធានយុវជន ស.ស.យ.ក ស្រុក នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ និងកម្លាំងប្រដាប់អាវុធទាំង៣ សហការជាមួយ ប្រជាពលរដ្ឋចំនួន៥ភូមិ ក្នុងឃុំរតនៈ ចុះជួសជុលផ្លូវមួយកន្លែង ដែលរងការខូចខាតនាររដូវវស្សានេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ឆ្លៀតតក្នុងឱកាសនោះ លោក ហោ ប៊ុនហួរ បានផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាអនុប្រធាន ស.ស.យ.ក ថ្នាក់កណ្តាល ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខ និងការរស់នៅរបស់ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហាររបស់យើង។

លោកថា រយៈពេលក្រោយប្រកាសចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារភ្លាម, លោក គីម រិទ្ធី កំពុងតែមមាញឹកក្នុងការចុះតាមមូលដ្ឋាន ពិសេសចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទូទាំងខេត្ត ដើម្បីរកវិធានការជួយសង្រ្គោះ ប្រជាពលរដ្ឋយើងបានទាន់ពេលវេលា។

ជាមួយនឹងទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋទាំង៥ភូមិ ក្នុងឃុំរតនៈ ដែលបានចូលរួមសហការជួសជុលផ្លូវចូលវត្ត ពិសេសបានយកទាំងគោយន្តរបស់ខ្លួន មកជួយដឹកដីងផងនោះ ក្នុងនាមអាជ្ញាធរស្រុករវៀង លោក ហោ ប៊ុនហួរ បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តនិងកាយវិការដ៍ល្អប្រពៃរបស់បងប្អូនយើង ពិសេសបានបង្ហាញឱ្យឃើញនូវការចូលរួមសហការ សាមគ្គីគ្នាបានយ៉ាងល្អ ក្រោមម្លប់សន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

ក្នុងនាមអាជ្ញាធរស្រុកដើម្បីចូលរួមនូវការចំណាយរបស់បងប្អូន ទាំងពេលវេលា ទាំងធនធានផ្ទាល់ខ្លួន លោក ហោ ប៊ុនហួរ ក៏បាននាំនូវអំណោយទឹកបរិសុទ្ធចំនួន២៣យួរ ទឹកផ្លែឈើចំនួន៥កេស ប្រេងម៉ាស៊ូតសម្រាប់ចែកជូន ប្រជាពលរដ្ឋចាក់គោយន្តដឹកដីចំនួន៩០លីត្រ ដែលបានមកពីការជួយឧបត្ថម្ភពីលោក អ៊ុង វឌ្ឍី ប្រធានក្រុមការងារខេត្តចុះជួយស្រុករវៀង លោក សេង ប៊ុនរឿន លោក សោម កុសល្យ និងរូបលោកផ្ទាល់៕