(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃនេះបានថ្លែងប្រាប់ទៅកាន់សមាជិកសភាថា លោកនឹងពន្យារពេលក្នុងការបង្កើនថ្លៃពន្ធទៅលើការលក់សម្រាប់ឆ្នាំក្រោយ ដែលគម្រោងនៃការដំឡើងថ្លៃពន្ធនេះ ត្រូវបានពលរដ្ឋជប៉ុនភាគច្រើនមិនសូវសប្បាយចិត្តឡើយ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Wall Street Journal ចេញផ្សាយនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦។
លោក អាបេ បានប្រាប់ទៅកាន់សមាជិកសភាជាន់ខ្ពស់ថា លោកនឹងប្រកាសជាផ្លូវការនូវការសម្រេចចិត្តក្នុងការដំឡើងថ្លៃពន្ធលើការលក់ ដែលតាមគម្រោងនឹងត្រូវដំឡើងនៅឆ្នាំក្រោយ ប៉ុន្តែការសម្រេចចិត្តថ្មីនេះ គឺរហូតដល់ខែតុលា ឆ្នាំ២០១៩ ទើបដំឡើងថ្លៃពន្ធ។
ការផ្លាស់ប្ដូរគោលគំនិតនេះ សបញ្ជាក់ឲ្យឃើញថា លោក អាបេ បានជួបប្រទះនូវផលលំបាកក្នុងការព្យាយាមដើម្បីសម្រេចបានកំណើតសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយនិរន្តរភាព ដូចអ្វីដែលលោកបានសន្យាកាលពីលោកចូលកាន់។ បើទោះបីជានៅដើមឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន មានការកើនលើងបន្តិចក្ដី ប៉ុន្តែក្រុមអ្នកជំនាញបានលើកឡើងថា វានៅមាននិន្នាការមូលដ្ឋានទន់ខ្សោយ។
គួរបញ្ជាក់ផងដែរថា ការពន្យារពេលនេះនឹងត្រូវបោះឆ្នោតនៅក្នុងសភា ហើយបើសិនជាទទួលបានសំឡេងភាគច្រើន នោះលោក អាបេ នឹងប្រកាសពន្យារពេលជាផ្លូវការ៕