(ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ បានឲ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ អង្គភាពសារព័ត៌មានជាតិ និងបរទេស ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន២,១៥៤អង្គភាព (ផ្សាយបែបបុរាណ និងបែបទំនើប) មានការកើនឡើងចំនួន៥៥៨អង្គភាព បើធៀបនឹងឆ្នាំ២០១៨ ស្មើនឹង២៧,៣០ភាគរយ។
ការលើកឡើងរបស់លោក មាស សុភ័ណ្ឌ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោមប្រធានបទ «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងព័ត៌មាន»។
បើតាមលោក មាស សុភ័ណ្ឌ ចំនួនអង្គភាពសារព័ត៌មានជាតិ និងបរទេស ព្រមទាំងអ្នកសារព័ត៌មានជាតិ និងបរទេស មានការកើនឡើងជារៀងរាល់ឆ្នាំ ដែលនេះបានបង្ហាញអំពីលំហរសេរីភាពសារព័ត៌មាននៅកម្ពុជា។
លោកបានអះអាងថា ចំនួនអង្គភាពសារព័ត៌មានជាតិ និងបរទេសដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន គិតត្រឹមខែសីហា ឆ្នាំ២០២២ រួមមាន៖
*ទី១៖ គេហទំព័រ និង TV Online ចំនួន៨៦១អង្គភាព (ក្នុងនោះមានចាងហ្វាងជាជនបរទេស ចំនួន២៣អង្គភាព និងចាងហ្វាងជាស្ត្រី ៧៤នាក់)
*ទី២៖ កាសែត ចំនួន៤៤៦អង្គភាព (ក្នុងនោះមានចាងហ្វាងជាជនបរទេស ចំនួន២៥អង្គភាព និងចាងហ្វាងជាស្ត្រី ២២នាក់)
*ទី៣៖ សមាគមសារព័ត៌មាន ចំនួន៥១អង្គភាព (ក្នុងនោះមានសហប្រធានជាជនបរទេស ចំនួន០១អង្គភាព និងជាស្ត្រី ០១នាក់)
*ទី៤៖ ទស្សនាវដ្ដី ចំនួន១៩៣អង្គភាព (ក្នុងនោះមានចាងហ្វាងជាជនបរទេស ចំនួន៣២អង្គភាព និងចាងហ្វាងជាស្ត្រី ៣៩នាក់)
*ទី៥៖ ព្រឹត្តិបត្រ ចំនួន២២អង្គភាព (ក្នុងនោះមានចាងហ្វាងជាជនបរទេស ចំនួន០៦អង្គភាព និងចាងហ្វាងជាស្ត្រី ០៤នាក់)
*ទី៦៖ រោងពុម្ព ចំនួន១១៣អង្គភាព (ក្នុងនោះមានចាងហ្វាងជាស្ត្រី ០៤នាក់)
*ទី៧៖ សៀវភៅ ចំនួន២២អង្គភាព (ក្នុងនោះមានចាងហ្វាងជាជនបរទេស ចំនួន០៤អង្គភាព និងចាងហ្វាងជាស្ត្រី ០៤នាក់) និងភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម ០១អង្គភាព
*ទី៨៖ ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាង សរុបចំនួន២៦អង្គភាព (អ្នកឆ្លើយឆ្លងព័ត៌មាន ០១នាក់ ក្នុងនោះជាបរទេសចំនួន១៦នាក់ និងជាស្រ្តីចំនួន ០៣នាក់)
*ទី៩៖ ស្ថានីយវិទ្យុ FM ចំនួន៨៣ស្ថានីយ នៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ត ចំនួន១៣៧ស្ថានីយ និងវិទ្យុ AM ចំនួន០១ស្ថានីយ នៅរាជធានីភ្នំពេញ
*ទី១០៖ ទូរទស្សន៍អាណាឡូក និង Digital ចំនួន២៩ស្ថានីយ និងទូរទស្សន៍ខ្សែកាប ចំនួន២១២ស្ថានីយ (នៅភ្នំពេញ ចំនួន០២ស្ថានីយ និងនៅតាមខេត្ត ចំនួន២១០ស្ថានីយ)
*ទី១១៖ ប្រព័ន្ធ OTT ចំនួន០៧ និងប្រព័ន្ធ Satellite ចំនួន០២ (Decho DTV, SKY One DTV, ផ្កាយរណប APB)។
បន្ថែមពីនេះ ក្រសួងព័ត៌មាន បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការសម្របសម្រួលការផ្សព្វផ្សាយ និងរៀបចំជាមណ្ឌលព័ត៌មាន (Media Center) សម្រាប់ចុះឈ្មោះ និងផ្តល់ព័ត៌មាននានា ជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តជាតិ ដែលបានចូលរួមយកព័ត៌មាន ក្នុងកិច្ចប្រជុំកម្រិតអន្តជាតិ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដូចជា កិច្ចប្រជុំកំពូលអាស៊ី-អ៉ីរ៉ុប លើកទី១៣ តាមប្រព័ន្ធនិមិ្មត (online) កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជាដើម៕